(ភ្នំពេញ)៖ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន បានបណ្ដុះគំនិតរបស់ប្រជាពលរដ្ឋ ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និងស្រឡាញ់បរិស្ថាន។

ខណៈប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានបានគ្នាមកទទួលកូនឈើចម្រុះដាក់តម្រៀបគ្នានៅតាមស្តង់ប្រមាណ១៦០ស្តង់ មកពីមន្ទីរបរិស្ថានរាជធានី ខេត្ត ព្រមទាំងអង្គការដៃគូ និងវិស័យឯកជន គ្មានសល់នៅក្នុងរយៈពេល៣ថ្ងៃ។

ឆ្នាំ២០២៤នេះ គឺជាឆ្នាំលើកដំបូងនៃការធ្វើពិព័រណ៍កូនឈើ ហើយនៅឆ្នាំក្រោយក្រសួងបរិស្ថាននឹងធ្វើនៅរាជធានីភ្នំពេញជាថ្មីម្ដងទៀត ដើម្បីបំផុសការដាំដើមឈើរបស់ប្រជាពលរដ្ឋ។ ចំណែកនៅឆ្នាំបន្តបន្ទាប់ទៀតនឹងប្រគល់ឱ្យធ្វើនៅតាមរាជធានី ខេត្ត។ ឆ្នាំក្រោយក្រសួងបរិស្ថាន អាចបណ្តុះបានកូនឈើ យ៉ាងតិច ៥លានដើម សម្រាប់ទុកចែកជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ ហើយនៅឆ្នាំក្រោយៗទៀត នឹងមានថ្នាលសម្រាប់បណ្តុះកូនឈើលក្ខណៈតំបន់ ដែលអាចផលិតកូនឈើ បានចំនួន១០លានដើម ក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» ធ្វើឡើងក្នុងគោលបំណងបណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រឡាញ់ដើមឈើ។ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើពពួកព្រៃលិចទឹក និងកោងកាង បានចែកឱ្យប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០-១២ ខែកក្កដា នៅរាជធានីភ្នំពេញ និងនៅតាមមន្ទីរបរិស្ថានរាជធានី និងខេត្តនានា ចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ខណៈដែលក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានជាង១,៣លានដើម ចាប់តាំងពីការដាក់ចេញយុទ្ធនាការ ចែកកូនឈើជូនប្រជាពលរដ្ឋ យ៉ាងតិច១លានដើម នៅក្នុងឆ្នាំ២០២៤ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យកដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សាឆ្នាំ២០២៤នេះ ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕

សូមស្តាប់លើឡើងរបស់ប្រជាពលរដ្ឋដូចខាងក្រោម៖