(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមានការចូលរួមពីកងកម្លាំងក្រោមឱវាទជាច្រើននាក់ ក្នុងនោះ មានពលរដ្ឋខ្មែរមកពីបរទេសមួយចំនួន ផងដែរ នៅទីបញ្ជាការដ្ឋាន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងថា ក្រៅអំពីការងារស្នួល កងរាជអាវុធខេត្តកណ្តាល តែចូលរួមសកម្មការងារសង្គម មនុស្សធម៌នានា។ នេះជាលើកទី១៣ ស្មើនឹង១,១៦៣ប្លោក គិតចាប់ពីឆ្នាំ២០១៥មក ដែលកងរាជអាវុធហត្ថខេត្ត បានផ្តល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស។
«ដើម្បីអបអរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ទើបយើងបង្កើតនូវយុទ្ធនាការនេះឡើង ដោយមាននាយរង នាយទាហានជាច្រើននាក់ ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ជាលទ្ធផលទទួលបានឈាមសរុប ១១០ប្លោក»។ លោកបានបន្ថែម។
កន្លងមកនេះ នាយ នាយរងអាវុធហត្ថរបស់យើងចំនួន ៧៥នាក់ ទទួលបានមេដាយកិត្តិយស និងប័ណ្ណសរសើរពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានផ្ដល់ឈាមចាប់ពី៥ដងឡើងទៅ រហូតដល់លើសពី១០ដង, ហើយថ្មីៗនេះ កម្លាំង ចំនួន១១នាក់ផ្សេងទៀត ក៏ទទួលបានមេដាយផងដែរ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានអះអាង ការផ្តល់ឈាមពិតជាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញមានតែធ្វើឱ្យមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត ជាក់ស្តែង រូបលោកផ្ទាល់ ធ្លាប់បានធ្វើការផ្តល់ឈាមជាច្រើនលើកមកហើយ និងស្នើឲ្យចូលរួមបរិច្ចាកឈាមឱ្យបានផុលផុស ដើម្បីសង្គ្រោះជីវិតមនុស្ស។
ស្ថិតក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវចូលរួមផ្តល់ឈាម ខណៈ៦នាទីត្រូវការឈាម១ប្លោកដើម្បីសង្គ្រោះជីវិត ហើយចាំបាច់ណាស់ គេត្រូវការឈាមចំនួន១៦ម៉ឺនប្លោកក្នុង១ឆ្នាំ ទើបអាចឆ្លើយតបនឹងតម្រូវការឈាមនេះ។ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្សមិនមានរោងចក្រឱសថណាផលិតបានទេ និងកុំរង់ចាំដល់វេលាមួយនៅពេលដែលចង់ធ្វើអំណោយឈាម បែរជាហួសពេល។
លោកថា «ឈាមពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ អ្នកជំងឺ ស្ត្រីសំរាលកូន ដែលក្នុង១ថ្ងៃគិតជាមធ្យមមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រមាណ២៥០ប្លោកជារៀងរាល់ថ្ងៃ ដូច្នេះ សូមចូលរួមបរិច្ចាកដើម្បីបង្កើតទម្លាប់និងវប្បធម៌ផ្តល់ឈាម ក្នុងសកម្មភាពមនុស្សធម៌ឱ្យបានផុលផុស ព្រោះការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងឱ្យយើងបានដឹងពីស្ថានភាពនៃជំងឺឆ្លងផ្សេងៗនិងជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីក កាត់បន្ថយកំហាប់ឈាម ការលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែងធ្វើឱ្យប្រសើរឡើងសុខភាពបេះដូងកាត់បន្ថយជំងឺដាច់សសៃរឈាមក្នុងខួរក្បាល និងធ្វើឱ្យចិត្តសប្បាយស្រស់ថ្លាទៀតផង»។
លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងរាជអាវុធហត្ថខេត្តកណ្តាល ដែលជានិច្ចជាកាលតែងចូលរួមផ្តល់ឈាម និងបំផុសចលនានេះដល់ពល និងនាយទាហាន ព្រមទាំងប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាកឈាម យ៉ាងសស្រាក់សស្រាំ ជាក់ស្តែងថ្ងៃនេះ ទទួលបានឈាមចំនួន ១១០ប្លោក៕