(ភ្នំពេញ)៖ ផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួង-ស្ថាប័នទាំង៤២ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤។

ពិធីនេះបានធ្វើឡើក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន-អនុប្រធាន-សមាជិកផ្នែក លោក លោកស្រីប្រធាន-អនុប្រធានប្រចាំការ-ប្រធានលេខាធិការដ្ឋាននៃក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ និងជំនួយការផ្នែកក្រសួង-ស្ថាប័នចំនួន ១៥០នាក់ ស្រី១៧នាក់។

មានមតិស្វាគមន៍ និងរបាយការណ៍សង្ខេបជូនអង្គប្រជុំ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានគូសបញ្ជាក់ពីលទ្ធផលសម្រេចលើការរៀបចំរចនាសម្ព័ន្ធ អង្គការចាត់តាំង សកម្មភាពការងារប្រចាំខែ និងការដាក់ចេញនូវទិសដៅការងារបន្ត។

កិច្ចប្រជុំដ៏មានសារៈសំខាន់ជាពេលនេះ ពិតជាសបញ្ជាក់ពីការយកចិត្តទុកដាក់ និងជាជំនួបរវាងផ្នែកក្រសួង-ស្ថាប័ន និងក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័នទាំង៤២ ដើម្បីអាចចែករំលែកពីបទពិសោធន៍ និងវឌ្ឍនភាពការងារនយាបាយ សតិអារម្មរណ៍ ចាត់តាំងជាពិសេសពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ អង្គការចាត់តាំង បន្តពង្រីកសមាជិកថ្មី ព្រមទាំងថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្តីសម្រេចចិត្តនានាជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស។

បន្ទាប់មកលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ដែលសម្តេចជានិច្ចកាលតែងតែនឹករលឹកនឹងគិតគូជាប្រចាំដល់យុវជនគណបក្សរបស់យើងទាំងអស់ និងថ្លែងអំណរគុណមនិងកោតសរសើរលោក ឃុត ចាន់ដារ៉ា ប្រធានផ្នែកក្រសួង-ស្ថាប័ន និងលោក ហេង ណន អនុប្រធានផ្នែក និងជាប្រធានទទួលបន្ទុករៀបចំកិច្ចប្រជុំប្រចាំត្រីមាស ដែលធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ និងរៀបចំឱ្យមានជំនួបដ៏សំខាន់នេះ។

លោកបណ្ឌិត បានបន្ថែមទៀតថា កិច្ចប្រជុំនេះ ជាយន្តការពិនិត្យតាមដាន និងវាយតម្លៃមួយដែលយើងទាំងអស់គ្នាអាចវាយតម្លៃលទ្ធផលសម្រេចបានចំពោះការងារអនុវត្តទិសដៅការងារដែលបានដាក់ចេញ និងអនុសាសន៍ទាំង៩ចំណុច ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ កន្លងទៅ និងលើកឡើងពីចំណុចខ្លាំង ចំណុចខ្វះខាត ព្រមទាំងចែករំលែកបទពិសោធន៍ ពិភាក្សា និងស្នើសុំមតិដឹកនាំបន្ថែមក្នុងន័យកែលម្អ និងជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ៕