(ភ្នំពេញ)៖ ទិវាអ្នកបរិច្ចាគឈាមពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ នៅថ្ងៃទី១៤ ខែមិថុនា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីតម្រូវការឈាម និងផលិតផលឈាមប្រកបដោយសុវត្ថិភាព និងដើម្បីថ្លែងអំណរគុណដល់អ្នកបរិច្ចាគឈាមដោយស័គ្ម្រចិត្ត សម្រាប់ការផ្តល់អំណោយឈាមសង្គ្រោះជីវិតជនរងគ្រោះ។ អ្នកផ្ដល់ឈាម គឺជាវីរៈបុរសពិតៗ ដែលលះបង់ឈាមស្រស់ សង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យដែលត្រូវការឈាមជាចាំបាច់ដើម្បីរស់នៅបន្ដ។ អំណោយនៃការផ្ដល់ឈាម គឺជាការជួយសង្គ្រោះជីវិតមនុស្សដ៏ធំធេងណាស់។
លោកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បាននិយាយថា ជារៀងរាល់ឆ្នាំ ឈាមប្រមាណ ១១៨.៤លានយូនីត ត្រូវបានបរិច្ចាគទូទាំងពិភពលោក ដោយផ្អែកតាមទិន្នន័យរបស់ WHO នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីវេជ្ជបណ្ឌិតបានបន្តថា សម្រាប់ក្នុងប្រទេសកម្ពុជាវិញយើងទទួលបានឈាមដែលបរិច្ចាគប្រមាណ ១០ម៉ឺនប្លោកក្នុងមួយឆ្នាំ ឬទទួលបាន៣០០ ទៅ៣៥០ប្លោកក្នុងមួយថ្ងៃ។ ការបរិច្ចាគឈាមតែមួយអាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅបីនាក់ ដោយសារតែឈាមអាចត្រូវបានបំបែកទៅជាសមាសធាតុដូចជា កោសិកាក្រហម ប្លាកែត និងប្លាស្មា ដើម្បីអាចយកទៅព្យាបាលអ្នកជំងឺផ្សេងៗគ្នាបាន។
សូមទស្សនាកិច្ចសម្ភាសរបស់ កញ្ញា រួម ឆាដា អ្នកយកព័ត៌មាន Fresh News ជាមួយលោកស្រីវេជ្ជបណ្ឌិត ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អំពីសារសំខាន់នៃការផ្តល់ឈាមដូចតទៅ៖