(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា (CFA) សហការជាមួយនិយ័តករបរធនបាលកិច្ច (TR) នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ «ច្បាប់ស្តីពីបរធនបាលកិច្ចកម្ពុជា» នៅអគារ Morgan ជាន់ទី៤៧ កោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងស៊ីជម្រៅអំពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ឋស្តីពីបរធនបាលកិច្ច ដោយផ្តល់សិទ្ធដល់កម្មសិទ្ធិករធ្វើការផ្ទេរទ្រព្យសម្បត្តិពីឈ្មោះបុគ្គលទៅជាបរធនបាល ដែលអាចចៀសវាងបាននូវហានិភ័យនៃផលប៉ះពាល់ដោយបំណុលផ្ទាល់ខ្លួន និងវិវាទផ្លូវច្បាប់ តាមរយៈក្រុមហ៊ុនបរធនបាល។

ជាពិសេស សិក្ខាសាលានេះ បានបង្ហាញឲ្យដឹងថា កម្មសិទ្ធិករអាចធ្វើការតែងតាំងអ្នកទទួលបន្ទុកគ្រប់គ្រង និងចាត់ចែងអចលនទ្រព្យស្របតាមការចង់បាន ដើម្បីធានាបាននូវការប្រើប្រាស់ និងការបែងចែកអចលនទ្រព្យដោយសមហេតុផល។ គោលបំណងនៃការបង្កើតច្បាប់នេះ គឺដើម្បីផ្តល់ឱ្យវិនិយោគិននូវក្របខ័ណ្ឌច្បាប់ដែរគួរឱ្យទុកចិត្ត និងមានស្ថេរភាព វាដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រង ការការពារទ្រព្យសម្បត្តិ ផែនការពន្ធ និងគម្រោងសប្បុរសធម៌ជាដើម ហើយបានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបាននៃប្រព័ន្ធច្បាប់ទំនើប។

គួរបញ្ជាក់ផងដែរថា និយ័តករបរធនបាលកិច្ចកម្ពុជា (TR) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ភ្ជាប់ជាមួយគម្រោងចំនួន ៤គឺ បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចសង្គម បរធនបាលកិច្ចពាណិជ្ជកម្ម និងបរធនបាលកិច្ចបុគ្គល។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនបរធនបាលចំនួន ១២ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណពីនិយ័តករបរធនបាលកិច្ច និងកំពុងគ្រប់គ្រងកាន់កាប់គម្រោងបរធនបាលប្រមាណជាង ៩០០គម្រោង ៕