(ភ្នំពេញ)៖ ប្រធានមន្ទីរមុខងារសាធារណៈ ទាំង២៥ រាជធានី-ខេត្ត បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូន សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញអនុក្រឹត្យតែងតាំងមន្ត្រីរាជការចំនួន២៥រូប ជាប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត នៃក្រសួងមុខងារសាធារណៈ។
ជាមួយគ្នានេះ លោក-លោកស្រីទាំង២៥នាក់ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានផ្តល់នូវការជឿទុកចិត្ត លើកសំណើជូន សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ដើម្បីតែងតាំងជាប្រធានមន្ទីរមុខងារសាធារណៈ។
ក្រោយទទួលបានការតែងតាំងនេះ ប្រធានមន្ទីរមុខងារសាធារណៈ ទាំង២៥ រាជធានី-ខេត្ត សូមធ្វើការប្តេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងបំពេញមុខងារ តួនាទី និងភារកិច្ច តាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសចូលរួមអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយភាពបុរេសកម្ម សកម្ម និងនវានុវត្តន៍។
ក្នុងនោះដែរលោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈទាំង២៥ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការស្ថាបនាព្រែកជីកហ្វូណនតេជោ ក្រោមគំនិតផ្ដួចផ្ដើមប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រី ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងបន្តទៅអនាគតគ្រប់ៗជំនាន់៕