Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរធនធានទឹកខេត្តឧត្តរមានជ័យ បើកទ្វារទឹកអាងស្តុកទឹកស្ទឹងស្រែងទី១ និងស្ទឹងស្រែងទី២ ដើម្បីបញ្ជូនទៅស្រោចស្រពស្រូវវស្សារបស់កសិករជាង២ពាន់ហិកតា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

13-07-2024 13:10

(ឧត្តរមានជ័យ)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានបើកទ្វារទឹក អាងស្តុកទឹកស្ទឹងស្រែងទី១ និងអាងស្រុកទឹកស្ទឹងស្រែងទី២ ស្ថិតក្នុងស្រុកចុងកាល់ ដើម្បីបញ្ជូនទឹកតាមរយះដងស្ទឹងស្រែង ទៅស្រុកទុក និងចែកចាយ តាមរយៈសំណង់ស្ទាក់ទឹកស្ទឹងក្រឡាញ់ ដើម្បីស្រោចស្រពស្រូវវស្សាចំនួន ២៣០០ហិកតា ដែលកំពុងត្រូវការទឹក ស្ថិតនៅឃុំតាអាន កំពង់ថ្កូវ សំបួរ និងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជាមួយនឹងការបើកទ្វារទឹកអាងស្តុកទឹកស្ទឹងស្រែងទី១ និងស្ទឹងស្រែងទី២នេះ លោក ញឹន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ក៏បានថ្លែងសំណូមពរដល់ប្រជាកសិករដែលកំពុងដាំដុះដំណាំស្រូវវស្សា ក៏ដូចជាដំណាំរួមផ្សំផ្សេងទៀត នៅតាមភូមិ ឃុំ មួយចំនួនក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប សូមមេត្តាយកចិត្តទុកដាក់ប្រើប្រាស់ទឹកដែលទទួលបានពីខេត្តឧត្តរមានជ័យ ប្រើប្រាស់ឱ្យចំគោលដៅ និងប្រើដោយការសន្សំសំចៃ។

បើតាមលោក ញឹន កួន បានថ្លែងបញ្ជាក់ទៀតថា អាងទឹកដ៏មានសក្តានុពល នៅក្នុងខេត្តឧត្តរមានជ័យ គឺអាងស្តុកទឹកស្ទឹងស្រែង១ និងអាងស្រុកទឹកស្ទឹងស្រែង២ ស្ថិតនៅក្នុងស្រុកចុងកាល់ គឺមានប្រភពទឹកមកពី ទំនប់០៥ ទំនប់តាម៉ុក ទំនប់ថ្មី និងផ្ទៃរងទឹកភ្លៀងរបស់វា។

លោកបានបន្ថែមថា អាងស្រុកទឹកស្ទឹងស្រែង១ ត្រូវបានសាងសង់ និងអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១០ និងបញ្ចប់នៅក្នុងឆ្នាំ២០១៥ ដែលមានសមត្ថភាពអាចស្តុកទឹកបាន១៥៣លានម៉ែត្រគូប។ ដោយឡែកអាងទឹកស្ទឹងស្រែង២ ត្រូវបានសាងសង់ និងអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ និងបញ្ចប់នៅក្នុងឆ្នាំ២០១៩ ដែលមានសមត្ថភាពស្តុកទឹកបាន ២៥៨​លាន​ម៉ែត្រ​គូប​ និងមានតួនាទីផ្គត់ផ្គង់ទឹកបន្ថែមឱ្យអាងទឹកស្ទឹងស្រែង១ ផងដែរ៕