(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានលើកឡើងថា ទិវាអតីតយុទ្ធជនកម្ពុជាធ្វើឡើងដើម្បីរំលឹកអំពីវីរៈភាព និងផ្ដល់កិត្តិយសឲ្យស័ក្តិសម និងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសខួបទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងបងប្អូនអតីតយុទ្ធជនកម្ពុជា អង្គភាពពាក់ព័ន្ធជាង៤០០នាក់។

លោកអភិបាលខេត្តបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចលេខ ៣១សសរ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០០៧ ដោយបានកំណត់យកថ្ងៃទី២១ ខែមិថុនា ជាទិវាអតីយយុទ្ធជនកម្ពុជា ការរៀបចំទិវាអតីតយុទ្ធជន កម្ពុជានេះឡើង ដើម្បីរំឭកអំពីវីរភាព និងផ្ដល់កិត្តិយសឱ្យស័ក្កិសមនឹងគុណបំណាចរបស់អតីតយុទ្ធជនចំពោះជាតិ និងប្រជាជនកម្ពុជា។

ក្រៅពីការរំឭកដល់វីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ទិវានេះក៏មានគោលបំណងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន បំផុសចលនាគាំទ្រអតីតយុទ្ធជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន ក្នុងសង្គម និងជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជនកងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជន ដើម្បីប្រែក្លាយយុវជន ឱ្យស័ក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយឧត្តមគតិ មោះមុតរឹងមាំ និងមានសេចក្តីថ្លៃថ្នូរ។

បច្ចុប្បន្នសមាគមអតីតយុទ្ធជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា។

សម្តេចទាំងទ្វេរ ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្រ របស់យុទ្ធជនកម្ពុជា ដែលគុណបំណាច់ដល់ធំធេង ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ដែលនេះជាគំរូវីរភាពស្នេហាជាតិដ៏ឧត្ដុង្គឧត្តមរបស់បងប្អូនអតីតយុទ្ធជនទាំងអស់។

លោក អ៊ុន ចាន់ដា បានបន្តថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានខិតខំយកចិត្តទុក ដាក់ជំរុញដល់ការលើកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន តាមរយៈការចុះពិនិត្យស្ថានភាពរស់នៅ ជាក់ស្តែងដល់មូលដ្ឋានផ្ទាល់ ហើយបានរកឃើញអតីតយុទ្ធជន ខ្លះមានដី-គ្មានផ្ទះ ខ្លះមានផ្ទះមិនសមរម្យ ខ្លះគ្មាន ទាំងដី-គ្មានទាំងផ្ទះ និងខ្លះទៀតរស់នៅលើដីសាធារណៈ ។

តាមរយៈការរកឃើញនេះ សមាគមខេត្តកំពង់ចាមយើង បានស្នើសុំការជួយសាងសង់ផ្ទះ ការផ្តល់ដីសម្បទានសង្គមកិច្ច និងការជួសជុលកែលម្អផ្ទះឱ្យបានសមរម្យជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមទាំងទទួលបានការជួយឧបត្ថម្ភគាំទ្រពីសំណាក់ រដ្ឋបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំសមាគមខេត្តរហូតដល់ថ្នាក់មូលដ្ឋាន និងសប្បុរសជននានាផងដែរ៕