(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋាននគរបាលព្រំដែន និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ទី៤ និងទី៥ បានថ្លែងណែនាំដល់អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ សូមចូលរួមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៩.០៩នាទីព្រឹក។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចូលរួមពីឧត្តមសេនីយ៍ឯក លៀង ភិរម្យ ប្រធាននាយកដ្ឋានកណ្តាល នគរបាលព្រំដែន និងមន្ត្រីនគរបាលជាន់ខ្ពស់ជាច្រើនរូបទៀត ចូលរួមក្នុងបិទវគ្គបណ្តុះបណ្តាលជំនាញនគរបាលព្រំដែន ដល់កម្លាំងនគរបាលការពារព្រំដែនគោកទឹក និងអន្តរាគមន៍ជំនាន់ទី៨ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន នៃនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ក្រៃលែង ដែលកម្មសិក្សាទាំងអស់បានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានជ័យលាភីនាពេលនេះ។ លោកបញ្ជាក់ថា លទ្ធផលដ៏ត្រចះត្រចង់នេះ គឺអាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការចង្អុលដឹកនាំដ៏ត្រឹមត្រូវរបស់ក្រសួងមហាផ្ទៃ និងការបញ្ជាដឹកនាំរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលបានគាំទ្រទាំងស្មារតី សម្ភារ គ្រឿងបំពាក់ និងការធានាផ្គត់ផ្គង់គាំទ្រផ្នែកជីវភាពរបស់កងកម្លាំងបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានអរគុណនាយកដ្ឋានកណ្តាលនគរបាលព្រំដែន នាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក ដែលបានយកអស់កម្លាំងកាយចិត្តខិតខំធ្វើការបណ្តុះបណ្តាលកងកម្លាំង តាមស្តង់ដារគុណភាពដែលបានកំណត់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នគរបាលជាតិ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម ការពង្រឹងសមត្ថភាពវិជ្ជជីវៈនៃកងកម្លាំងគ្រប់ប្រភេទ រួមទាំងកងកម្លាំងនគរបាលការពារព្រំដែនផងដែរ។
លោកនាយឧត្តមសេនីយ៍ បានថ្លែងបញ្ជាក់ទៀតថា ផែនការអភិវឌ្ឍធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើឱ្យកងកម្លាំងនគរបាលការពារព្រំដែន ទទួលបានចំណេះដឹង ជំនាញក្នុងការបម្រើកិច្ចការ ការងារការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធិភាព ដើម្បីឆ្លើយតបទៅនិងស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ។
នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ដល់សិក្ខាកាមទាំងអស់ដូចតទៅ៖
*ចូលរួមធ្វើការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក តាមគ្របប់មធ្យោបាយដែលខ្លួនមាន ដើម្បីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៩.០៩នាទីព្រឹក។
*ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តកងកម្លាំងនិងក្រុមគ្រួសារ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន។
*បន្តអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង និងសម្អាតចកចេញពីផ្ទៃបឹង» ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ដល់កងកម្លាំងយើង និងមានវិធានការមុឺងម៉ាត់ចំពោះការពាក់ព័ន្ធ និងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធិភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។
*បន្តពង្រឹងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដោយត្រូវលុបបំបាត់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ តាមក្លឹមកំសាន្ត និងទីតាំងសប្បាយដ្ឋាននានា។
*បន្តពង្រឹងការងារបន្តុះបណ្តាល ហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន យុទ្ធវិធីប្រតិបត្តិការ ប្រព័ន្ធភូមិសាស្ត្រឌីជីថលនៅតំបន់ព្រំដែន ដល់នគរបាលការពារព្រំដែនគោកទឹកជាប្រចាំ៕