(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ភរិយាសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផ្ទាល់, តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង

ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី នៅគេហដ្ឋានលោកជំទាវ​ស្ថិតនៅក្នុងក្រុងបាត់ដំបង បានអញ្ជើញធ្វើពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឃចំនួន៣៣វត្ត ក្នុងនោះវត្តគណៈធម្មយុត្តិតកនិកាយ៤វត្តគណៈមហានិកាយ២៩វត្ត ក្នុងខេត្តបាត់ដំបង។

ក្នុងនោះមានវត្តខ្ចាស ខេត្តបន្ទាយមានជ័យ១ផង ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម និងមាតាបិតាជីដូនជីតាញាតិការទាំងសងខាងទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅហើយនោះ។

ទេយ្យទានដែលត្រូវប្រគេនជូនព្រះសង្ឃទាំង៣៣វត្ត ដោយវត្តនីមួយៗទទួលបានទៀនវស្សា១គូរ, ស្លាដក់១, អង្ករ៥០គីឡូក្រាម, លាង១, ផ្លែឈើ១កន្ត្រក, មី១កេសធំ, ត្រីខ ១កេសធំ, ទឹកបរិសុទ្ធ២
កេស, ទឹកក្រូច២កេស, ទឹកដោះគោខាប់១កេស ស្ករស១ការ៉ុង និងបច្ច័យមួយចំនួន។

ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល ៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែបឋមអាសាធ ហើយបញ្ចប់វិញ នៅថ្ងៃទី១៥រោច ខែកក្តិក។ ក្នុងអំឡុងបុណ្យចូលព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថាព្រះសង្ឃ មិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទនាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បី
គង់ចាំព្រះវស្សាអស់ត្រីមាស តកូន តចៅ រហូតមកដល់បច្ចុប្បន្ននេះ៕