(ឧត្តរមានជ័យ)៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួន និងដកហូតវត្ថុតាងគ្រឿងញៀន ព្រមទាំងសម្ភារវេចខ្ចប់មួយចំនួននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។
របាការណ៍របស់កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ, កម្លាំងជំនាញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសដឹកនាំដោយ លោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅភូមិឃុំខាងលើ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៤នាក់។
ជនសង្ស័យប្រុសស្រី ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន៖
*ទី១៖ ឈ្មោះ ភក្ត្រ័ ទូច អាយុ១៩ឆ្នាំ មុខរបរកម្មករ
*ទី២៖ ឈ្មោះ នីម ណាង អាយុ៣២ឆ្នាំ មុខរបរកម្មករ
*ទី៣៖ ឈ្មោះ ឧិម វង្ស អាយុ៤២ឆ្នាំ មុខរបរកម្មករ។ ទាំង៣នាក់ខាងលើរស់នៅ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
*ទី៤៖ ឈ្មោះ មិន នាង ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
*ថ្នាំម្សៅក្រាមពណ៍សថ្លា (ម៉ាទឹកកក) ១០កញ្ចប់ (កញ្ចប់ធំ១ កញ្ចប់តូច៩) ទម្ងន់ ១៣.៦៧ក្រាម
*សំភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់សារធាតុញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី៕