(ភ្នំពេញ)៖ សមាគមក្រុមការងារ ១០០រាត្រី បានសម្ដែងនូវការអបអរសាទរចំពោះទិន្នន័យចំនួនកូនឈើ ៩៣ម៉ឺនដើម ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះ គឺជាចំនួនលើសពីការរំពឹងទុករបស់ក្រសួងបរិស្ថាន ដែលដឹកនាំដោយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីនៃក្រសួងបរិស្ថាន។

ការចែកកូនឈើដោយឥតគិតថ្លៃអស់ជាង ៩៣ម៉ឺនដើម លើសពីការរំពឹងទុក ដែលជាបេសកកម្មដ៏ជោគជ័យក្នុងរយៈពេល៣ថ្ងៃ នៃពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើដោយឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» និងទិវាកេសរកូលជាតិលើកទី៤ នៅមុខទីស្ដីការក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែកក្កដា ឆ្នាំ២០២៤។

ក្នុងរយៈពេល ៣ថ្ងៃនៃពិព័រណ៍ សមាគមក្រុមការងារ១០០រាត្រី សង្គេតឃើញថា ប្រជាពលរដ្ឋមានចំនួនច្រើនពិតជាមានស្មារតីផុសផុល និងសប្បាយរីករាយក្រៃលែង ក្នុងការមកទទួលយកកូនឈើដោយឥតគិតថ្លៃដោយក្ដីរំភើប និងមានស្នាមញញឹមដោយការពេញចិត្តចំពោះពិពរណ៍ផ្សព្វផ្សាយ និងចែកកូនឈើដែលរៀបចំដោយក្រសួងបរិស្ថាន៕