(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំបុគ្គលិកនៃធនាគារ ARDB, ដៃគូរោងម៉ាស៊ីនកិនស្រូវមួយចំនួន ចុះយុទ្ធនាការដាំកូនឈើចំនួន ១ ៥០០ ដើម ក្រោមប្រធានបទ «កូនឈើមួយ ក្តីស្រឡាញ់មួយ» នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ក្រោមកិច្ចសហការសម្របសម្រួលរៀបចំរបស់ ស.ស.យ.ក និងរដ្ឋបាលស្រុកខ្សាច់កណ្ដាល។
មុនចាប់ផ្តើមដាំកូនឈើ ក៏មានរៀបចំពិធីជួបជុំសំណេះសំណាល ក្រោមអធិបតីភាពបណ្ឌិត កៅ ថាច និងដោយមានការចូលរួមពី បុគ្គលិកនៃធនាគារ ARDB, ប្អូនៗយុវជន, តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល, ក្រុមប្រឹក្សាស្រុក, មន្រ្តីសាលាស្រុក, កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព, មេភូមិ មេឃុំ ស្មៀន ទាំង១២ឃុំ, ប្រជាការពារ, កាយរិទ្ធ, កាកបាទក្រហម, សសយក, ក្រុមកីឡាយុវជន, លោកគ្រូអ្នកគ្រូ, និងសិស្សានុសិស្ស សរុបប្រមាណ ១ ១០០នាក់។
បណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការដាំកូនឈើថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើទី ៧២ រុក្ខទិវា (៩ កក្កដា ១៩៥២ - ៩ កក្កដា ២០២៤) និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ការប្រែប្រួលភពផែនដីឡើងកំដៅ ហើយការឡើងកំដៅនេះ មិនមែនតែកម្ពុជាទេ គឺគ្រប់ប្រទេសទូទាំងពិភពលោក។
លោកបណ្ឌិតមានប្រសាសន៍បន្ថែមថា យុទ្ធនាការដាំដើមឈើថ្ងៃនេះ នឹងផ្តល់ប្រយោជន៍ច្រើនដល់សង្គមជាតិនិងដល់កូនចៅយើងទាំងអស់គ្នាជំនាន់ក្រោយៗទៀត ព្រមទាំងធ្វើឱ្យបរិស្ថានភូមិយើងមានភាពស្រស់បំព្រង ខៀវស្រងាត់ ដែលជាទីស្រឡាញ់និងទាក់ទាញទេសចរ ហើយថ្ងៃនេះយើងដាំ ១៥០០ដើម និងបានដាក់គោលដៅដាំឱ្យបាន ១ម៉ឺនដើម។
លោកបណ្ឌិតស្នើសុំដល់អ្នកចូលរួមដាំទាំងអស់ ធ្វើការថែទាំ និងអាចដាក់ឈ្មោះអ្នកដាំបាន។
សូមចងចាំថា ដើមឈើផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនអនេក ដូចជា ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ, កាត់បន្ថយការឡើងកម្តៅ, ផ្តល់ម្លប់ និងជម្រកសម្រាប់មនុស្សសត្វ ជាគម្របផែនដី ដែលធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ អារម្មណ៍ និងផ្លូវចិត្ត, ស្រូបយកជាតិពុលពីខ្យល់, កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី, កាត់បន្ថយការហូរច្រោះដីនិងខ្យល់ព្យុះ, បង្កើតអុកស៊ីហ្សែនដោយបំប្លែងកាបូនឌីអុកស៊ីត និងឧស្ម័នដែលបង្កគ្រោះថ្នាក់ផ្សេងៗ, ចម្រោះជាតិពុលក្នុងខ្យល់, ផលិតអុកស៊ីហ្សែនទ្រទ្រង់ជីវិតលើផែនដី, កាត់បន្ថយការប៉ះពាល់នឹងកាំរស្មី UV ដែលជួយកាត់បន្ថយជំងឺមហារីកស្បែក, កាត់បន្ថយជំងឺទាក់ទងនឹងកំដៅ និងការស្លាប់ដោយការឡើងកំដៅខ្លាំង, និងសម្រាប់ការប្រើប្រាស់ផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាដើម៕