(ភ្នំពេញ)៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំប្រទេសកម្ពុជា បានប្រកាស ដាក់បញ្ចូលសួនរុក្ខជាតិអង្គរទៅក្នុងបញ្ជីទិសដៅទេសចរណ៍របស់ខ្លួន។
តាមរយៈសារដែលបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោក នាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ លោក Wang Wenbin បានលើកឡើងថា «ខ្ញុំសូមដាក់បញ្ចូលសួនរុក្ខជាតិអង្គរទៅក្នុងបញ្ជីទិសដៅទេសចរណ៍ខ្លួនឯង»។
ឯកអគ្គរដ្ឋទូតចិន បានចូលរួមអបអរសាទរចំពោះ សួនរុក្ខជាតិអង្គរ ក្នុងប្រទេសកម្ពុជា ដែលទទួលបានពាន Travellers’s choice awards 2024 ពីស្ថាប័នលំដាប់ពិភពលោក TripAdvisor នាថ្មីៗនេះ ។
សូមរំលឹកថា លោក Wang Wenbin ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន និងបច្ចុប្បន្នជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានអញ្ជើញមកដល់កម្ពុជា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
ស្របពេលដែលលោកមកដល់ អាកាសយានដ្ឋានភ្នំពេញ លោកបានថ្លែងសុន្ទរកថាខ្លីមួយទៅកាន់អ្នកសារព័ត៌មាន ដោយគូសបញ្ជាក់ថា៖ លោកនឹងសហការជាមួយមិត្តភក្ដិមកពីគ្រប់មជ្ឈដ្ឋានរវាងចិន និងកម្ពុជា ដើម្បីបន្តមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងខិតខំប្រឹងប្រែងឥតឈប់ និងជំរុញឲ្យសហគមន៍វាសនារួមក្នុងយុគសម័យនេះ ទទួលបានសមទ្ធផលជាផ្លែផ្កាកាន់តែច្រើន និងផ្ដល់ផលប្រយោជន៍ទៅកាន់ប្រជាជននៃប្រទេសទាំងពីរ៕