(កណ្ដាល)៖ ដោយមានការណែនាំ ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់់ធ្នាប់សាធរណៈ នៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំផ្សព្វផ្សាយ នូវច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់មន្រ្តីរាជការ និងកម្លាំងសមត្ថកិច្ច ក្នុងសាលាខេត្តកណ្ដាល។
ការចុះផ្សព្វផ្សាយនេះ លោកឧត្តមសេនីយ៍ឯក បានដាក់អនុសាសន៍ចំនួន៥ចំណុច រួមមាន៖ ទី១.ត្រូវពង្រឹងក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ តែទន់ភ្លន់ចំពោះប្រជាពលរដ្ឋ ក្នុងនាមអ្នកបម្រើសេវាសាធារណៈ, ទី២.ត្រូវធានាពីនីតិវិធីក្នុងការពិន័យ និងត្រូវចេញបង្កាន់ដៃបង់ប្រាក់ឱ្យបានត្រឹមត្រូវ, ទី៣.ត្រូវចុះផ្សព្វផ្សាយអប់រំ ដល់់ប្រជាពលរដ្ឋ កម្មករ និងសិស្សានុសិស្ស ពីព័ត៌មាន និងចំណេះដឹងផ្សេងៗជាប្រចាំ, ទី៤.ត្រូវបែងចែកប្រាក់រង្វាន់ ដល់មន្រ្តីឱ្យមានតម្លាភាព និងធានាឱ្យបានូវការពិន័យ ជាអន្តរការណ៍ច្បាស់លាស់ និងទី៥-ស្នើឲ្យមន្ត្រីនគរបាលចរាចរណ៍ត្រួតពិនិត្យ គ្រឿងញៀន និងជាតិស្រវឹង លើអ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តដឹកជញ្ជូនអ្នកដំណើរផងដែរ។
សូមជម្រាបថា កិច្ចប្រជុំនេះ ធ្វើឡើងមានការចូលរួមពី លោកស្នងការរងទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ, នាយរងការិយាល័យ, អធិការរងទទួលបន្ទុកសណ្ដាប់ធ្នាប់សាធារណៈ និងមន្រ្តីរាជការមួយចំនួនទៀតផងដែរ៕