(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែ
កក្កដា ឆ្នាំ២០២៤ បានចាត់មន្ត្រីប្រតិបត្តិសាខាដឹកនាំដោយ លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាបន្តបើកវគ្គបណ្ដុះបណ្ដាលស្ដីពីមូលដ្ឋានការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋមដល់លោកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា យុវជនសសយក យុវជនកាយរិទ្ធ និងក្រុមប្រឹក្សាយុវជន នៃវិទ្យាល័យសំឡូតស្រុកសំឡូត ខេត្តបាត់ដំបង ប្រមាណសរុប១០១នាក់ស្រី៨៥នាក់ នៅសាលប្រជុំវិទ្យាល័យសំឡូត។
លោក យ៉ាន ឧត្តម ក្នុងនាមលោក សុខ លូ បានធ្វើការកោតសរសើរដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា យុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលា ក្នុងការចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេង។
លោក យ៉ាន ឧត្តម បានបញ្ជាក់ថា គោលបំណងនៃការបេីកវគ្គនេះ គឺដេីម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហម បានយល់ដឹងកាន់តែច្បាស់អំពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឬកាត់បន្ថយការ
ឈឺចាប់របស់ជនរងគ្រោះ ដោយគ្រោះថ្នាក់ផ្សេងៗបានមុនរថយន្តពេទ្យ ឬក្រុមគ្រូពេទ្យមកដល់។
លោកបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការបញ្ចប់វគ្គនេះ ហើយសង្ឃឹមថាយុវជនស្ម័គ្រចិត្តទាំងអស់ នឹងក្លាយខ្លួនទៅជាយុវជន កាកបាទក្រហមកម្ពុជា ពេញលក្ខណៈ សំដៅដេីរតួនាទីជាយុវជនគំរូឈានមុខ ទាំងការងារជួយសង្គ្រោះ ទាំងការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត ក្នុងការរួមគ្នាលេីកកម្ពស់កម្លាំងមនុស្សធម៌ឱ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត តាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា សុំឱ្យសាខាទាំង២៥ រាជធានី-ខេត្ត គិតសំខាន់លើគុណភាព កុំគិតលើបរិមាណហើយត្រូវបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ឱ្យមានសមត្ថភាពដូចនេះសាខាបានសម្រេចជ្រើសរើសប្រធា
នបទសំខាន់ៗយកមកបណ្តុះបណ្តាលរួមមាន៖
*ទី១៖ ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះកាកបាទក្រហមអឌ្ឍចន្ទក្រហម និងប្រវត្តិកាកបាទក្រហមកម្ពុជា
*ទី២៖ ការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា និងការបង្កើតក្លឹបយុវជនមាននិរន្តរភាព
*ទី៣៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងភាពបម្រែបម្រួលអាកាសធាតុ
*ទី៤៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសុខភាព
*ទី៥៖ ការចូលរួមការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមអនឡាញ ក្នុងគ្រឹះស្ថានសិក្សា
*ទី៦៖ វិជ្ជាសង្គ្រោះបឋម។
លោក យ៉ាន ឧត្តម បានបន្តថា ថ្វីត្បិតវគ្គសិក្សានេះមានរយៈពេលខ្លីត្រឹមតែមួយថ្ងៃ ប៉ុន្តែបានផ្តល់នូវចំណេះដឹងជា
ច្រើន និងជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ជូនដល់យុវជនកាកបាទក្រហមកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ស្មារតីយុវជនឱ្យមានលទ្ធភាព សមត្ថភាពចូលរួមចំណែកជាមួយចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម កាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងដើម្បីលើកស្ទួយកិត្តិស័ព្ទ កិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ដែលជាសមាគមមនុស្សធម៌តែមួយគត់របស់ប្រទេសកម្ពុជា។
លោកនាយករងសាខាមានសង្ឃឹម និងជឿជាក់ថា យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងយកចំណេះដឹងទាំងអស់នេះ ទៅអប់រំផ្សព្វផ្សាយបន្ត និងជួយសង្គ្រោះបឋមដល់ប្រជាជនមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕