(ព្រះសីហនុ)៖ អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា លោក ខាំបៃ ដាំឡាត់ បានថ្លែងថា លោកនឹងធ្វើការផ្សព្វផ្សាយ និងណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋឡាវ ឲ្យមកដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ បន្ទាប់ពីលោកមើលឃើញថា ខេត្តដែលជាប់នឹងដែនសមុទ្ររបស់កម្ពុជាមួយនេះមានសក្តានុពលទេសចរណ៍ច្រើន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរជាដើម។
ក្រោយបញ្ចប់ទស្សនកិច្ចនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ខាំបៃ ដាំឡាត់ បានលើកឡើងថា លោកពិតមានមោទនភាពយ៉ាងខ្លាំងដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ដែលជា ខេត្តមួយសម្បូរបែបខាងសក្តានុពលទេសចរណ៍ មានភាពរីកចម្រើនខ្លាំង ទាំងអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ និងអ្នកវិនិយោគិនបរទេសជាច្រើន ដែលធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងសម្រាប់ប្រជាជនឡាវ ដូច្នេះឯក ឧត្តម នឹងខិតខំធ្វើការណែនាំដល់ប្រជាជនឡាវណាដែលមានលទ្ធភាពឲ្យពួកគេមកលេខកម្សាន្តនៅខេត្តនេះ ឲ្យបានញឹកញាប់ និងធ្វើការសិក្សាដើម្បីធ្វើការរកស៊ីផងដែរ។
លោក ខាំបៃ ដាំឡាត់ក៏បានលើកឡើងផងដែរថា ប្រជាជនកម្ពុជាពិតជាមានសំណាង ដែលបានរស់នៅក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ខណៈភាពរីកចម្រើនទាំងនេះគឺបានកើតចេញពីប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដូច្នេះក្នុងនាមលោកជាអ្នកជិតខាងដ៏ល្អជាមួយកម្ពុជា លោករំពឹងថាភាពរីកចម្រើនទាំងនេះនឹងកើតមាន ឡើងនៅប្រទេសកម្ពុជា ជារៀងរហូត។ មួយវិញទៀតលោករំពឹងថា ប្រជាជនកម្ពុជា និងប្រជាជនឡាវកាន់ ស្គាល់គ្នា និងស្រលាញ់គ្នាជិតស្និទ្ធបន្ថែមទៀតតាមរយៈកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និង តាមរយៈសមាគមមិត្តភាពកម្ពុជា-ឡាវ និងឡាវ-កម្ពុជានោះ។
សូមបញ្ជាក់ថា លោកខាំបៃ ដាំឡាត់ បានបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលប្រាំថ្ងៃ គឺចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់ប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។ ក្នុង ដំណើរទស្សនកិច្ចនេះលោកបានជួបពិភាក្សាការងារជាមួយលោក នាង ផាត ប្រធានសមាគមមិត្តភាពកម្ពុជា -ឡាវ និងមន្ត្រីកម្ពុជាមួយចំនួនទៀត។ ក្រៅពីកិច្ចជំនួបជាមួយមន្ត្រីកម្ពុជាលោកបានធ្វើទស្សនកិច្ចនៅសារមន្ទីរជាតិកម្ពុជា ទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ និងធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុជាដើម៕