(ភ្នំពេញ)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
យុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួន ៤ រួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស បានប្រកាន់ខ្ជាប់នូវគោលការណ៍ «តម្លាភាព» ដោយបានចេញសេចក្តីប្រកាសព័ត៌មានជាប់ជាប្រចាំ ចំពោះចំណាត់ការសំណុំរឿងគ្រឿងញៀននៅគ្រប់ដំណាក់កាលនៃនីតិវិធីរបស់អយ្យការ និងតុលាការ ដើម្បី, ម៉្យាង, បញ្ចៀសបាននូវការមិនទុកចិត្តគ្នាក្នុងចំណោមស្ថាប័នអនុវត្ត និងម្យ៉ាងទៀត, ដើម្បីធានាប្រសិទ្ធិភាព និងតម្លាភាពនៃការអនុវត្តច្បាប់ប្រកបដោយការទទួលខុសត្រូវពីសំណាក់ស្ថាប័នអនុវត្តច្បាប់ទៅកាន់សាធារជន។
លោកបានបន្តថា៖ «បន្ថែមពីនេះ, ចំណាត់ការសំណុំរឿងគ្រឿងញៀនត្រូវបានធ្វើឡើងដោយប្រកាន់ខ្ជាប់នូវអភិក្រម “ ម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់” និង ”ស្អាតស្អំ” ដោយរហូតមកដល់ពេលនេះ ពុំទាន់រកឃើញថាមានភាពមិនប្រក្រតីណាមួយនៅឡើយពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងញៀន»។
គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181៕