(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយលោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម មកកាន់ប្រទេសកម្ពុជានាថ្ងៃនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់លោក។
សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អ និងជិតស្និទ្ធិរវាងប្រទេសកម្ពុជា និងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេចសាជាថ្មី ដែលកាលពីខែមករាកន្លងទៅនេះ លោកទើបតែបានអញ្ជើញមកបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។
ឆ្លៀតក្នុងឱកាស នៃជំនួបនេះផងដែរ លោកក៏បាននាំការសួរសុខទុក្ខពីសំណាក់ អគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រីប្រធានសភាវៀតណាម និងបានជូនពរសម្តេច ចំពោះថ្ងៃខួបកំណើតនាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះប្រតិភូវៀតណាមទាំងមូល។ លោកបានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់ នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និងអបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។
លោក តូ ឡឹម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿន និងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ លោកប្រធានរដ្ឋ មានជំនឿជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ លោកប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់ នៃយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេសការជំរុញ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។
លោកក៏បានគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសង្ឃឹមថា សម្តេចតេជោ នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ក្នុងវេលាសមស្របណាមួយនាពេលអនាគត។
ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះសារសួរសុខទុក្ខរបស់ អគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី ប្រធានសភា វៀតណាម និងសារពរជូនថ្ងៃកំណើតរបស់សម្តេច។
សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់លោកប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និងបានលើកឡើងថា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់បក្សកុម្មុយនីស្តវៀតណាម ប្រទេសវៀតណាម នឹងសម្រេចគោលដៅ ឧស្សាហូបនីយកម្ម និងទំនើបកម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមនឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និងអភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួល និងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជំរុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពត ដែល ខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជា ក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ។
មុននឹងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពទទួលយកការអញ្ជើញរបស់ប្រធានរដ្ឋ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ និងបានជូនពរលោក និងគណៈប្រតិភូ សូមឲ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕