(ភ្នំពេញ)៖ បណ្តុំអង្គការសមាគមសង្គមស៉ីវិល ដែលមានសមាជិក សមាជិក អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្ចាស់អាជីវកម្ម លក់ដូរ កម្មករ កម្មការិនី សិស្ស និងនិស្សិតជាដើម ពិតជាមានមោទនភាពជាខ្លាំង បន្ទាប់ពីកូនខ្មែរអាចបង្កើតបណ្តាញទំនាក់ទំនងសង្គមឌីជីថលបានដោយខ្លួនឯង គឺបណ្តាញទំនាក់ទំនងសង្គម CoolApp។

បណ្តាញទំនាក់ទំនងសង្គមមួយនេះ មានការទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ដែលជាសក្តានុពល និងទំនុកចិត្តពីសំណាក់អ្នកប្រើប្រាស់រហូតធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើល ដែលបណ្តាញសង្គម CoolApp របស់កូនខ្មែរអាចវិវឌ្ឍន៍យ៉ាងលឿនរហ័ស។

យោងតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ គឺកាន់តែធ្វើឲ្យប្រជាជនកម្ពុជាទូទាំងប្រទសមានការសាទរ គាំទ្រយ៉ាងខ្លាំង ពិសេសស្មារតីជាតិនិយមលើការប្រើប្រាស់បណ្តាញសង្គមមួយនេះ។

បណ្តាញទំនាក់ទំនងសង្គម CoolApp កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន ខណៈយុវជនជាច្រើន ចូលរួមត្រេកអរចំពោះវត្តមានកម្មវិធីនេះលើទឹកដីកម្ពុជា។

ត្រឹមតែរយៈពេលប្រមាណ២០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធី CoolApp មានអ្នកទាញយកទៅប្រើប្រាស់រហូតដល់ជិត២៣ម៉ឺននាក់ហើយ ខណៈសន្ទុះនៃការគាំទ្រ និងការដំឡើងកាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

CoolApp ដែលជាបណ្តាញទំនាក់ទំនងសង្គម Chat កម្រិតស្តង់ដារអន្តរជាតិលើកដំបូងរបស់កម្ពុជា មានគុណភាពមិនចាញ់ Telegram និង WhatsApp ឡើយ។ កម្មវិធីនេះ ធ្វើឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសងាយស្រួលបំផុតក្នុងការផ្ញើសារ និងទំនាក់ទំនង Call ផ្សេងៗយ៉ាងលឿនរហ័ស ជាមួយការប្រើប្រាស់បច្ចេកវិទ្យាថ្មី End-to-end Encryption ដែលជាប្រព័ន្ធសុវត្ថិភាព​ ធានាឯកជនភាពរបស់អ្នកប្រើប្រាស់គ្រប់គ្នា 100% ព្រោះគ្មានជនណាម្នាក់អាចមើល ឬអានសាររបស់យើងឡើយ៕