(ពោធិ៍សាត់)៖ លោក បណ្ឌិត ពេជ សោភ័ណ ទេសរដ្ឋមន្ត្រី និងលោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ មាតាបិតាបង្កើត លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវជាមាតាបិតាក្មេក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត, លោក ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនចំណាំព្រះវស្សា និងគ្រឿងបរិក្ខាមួយចំនួន មកថ្វាយជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នៅទីតាំងបូជនីយដ្ឋាន ដែលស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមមន្ត្រីគ្រប់គ្រងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានជម្រាបជូនថា ជារៀងរាល់ឆ្នាំ គឺឱ្យតែចូលមកដល់បុណ្យចូលព្រះវស្សា ទាំងថ្នាក់ដឹកនាំ ទាំងអាជីវករ និងបងប្អូនសម្បុរសជន ទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលមានជំនឿ លើបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ តែងតែនាំមកនូវថវិកា ទៀនចំណាំព្រះវស្សា និងគ្រឿងបរិក្ខា មកថ្វាយដល់លោកតាយ៉ាងសន្លឹកសន្ធាប់ មិនដែលខកខានឡើយ។

ជាក់ស្តែងឆ្នាំនេះដោយសារបារមីរបស់លោកឧកញ៉ា, លោក បណ្ឌិត ពេជ សោភ័ណ ទេសរដ្ឋមន្ត្រី និងលោកស្រី ម៉ុក ប៉ូប៉ុនរិទ្ធ មាតាបិតាបង្កើត លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ត្រូវជាមាតាបិតាក្មេក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស និងបានការចូលរួមពី លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត, ឯកឧត្តម ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រីប្រតិភូអបដំណើរ បានមានសន្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទៀនវស្សា និងសម្ភារៈបរិក្ខាយ៉ាងច្រើនសម្រាប់បុណ្យចូលព្រះវស្សា នៅក្នុងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។

ក្នុងនាមគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន លោកសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក លោកស្រី ជាមាតាបិតាបង្កើតលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា មកចូលក្នុងឱកាសបុណ្យចូលព្រះវស្សានាឆ្នាំនេះ នៅបូជនីយដ្ឋានលោកឧកញ៉ា ដ៏មានបារមីនៅក្នុងទឹកដី នៃខេត្តពោធិ៍សាត់។

លោកបានជម្រាបជូនផងដែរថា បុណ្យចូលព្រះវស្សា គឺជាពេលវេលាមួយដែលព្រះសង្ឃគ្រប់វត្ត គង់ចាំព្រះវស្សាអស់រយៈពេល៣ខែ គឺមិននិមន្តត្រាច់ចរនោះឡើយ បើមិនដូច្នោះទេ គឺមិនអាចទទួលការក្រាលគ្រងអង្គកឋិនទាននោះបានឡើយ ហេតុនេះហើយបានជាថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទ តែងតែរួបរួមសាមគ្គីគ្នា បង្កើតឱ្យមានទៀនព្រះវស្សានិងគ្រឿងបរិក្ខានេះឡើង ដើម្បីចូលរួមជួយទំនុកបំរុង ដល់ព្រះសង្ឃ រហូតដល់ចេញព្រះវស្សា ក៏ដូចនៅក្នុងបូជនីយដ្ឋានឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ នេះជាដើម។

សូមបញ្ជាក់ថា ទេយ្យវត្ថុ សម្រាប់លោកឧកញ៉ា ឃ្លាំង មឿង រួមមានទៀនចំណាំព្រះវស្សា១គូរ ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ទឹកគោជល់១កេស និងថវិកាមួយចំនួន និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត មានទឹកបរិសុទ្ធ ផ្លែឈើ និងថវិកា៥០ម៉ឺនរៀល។ គួររំលឹកថា លោក បណ្ឌិត ពេជ សោភណ័ និងលោកស្រី នឹងបានបន្តដំណើរ ទៅខេត្តបន្ទាយមានជ័យ ដើម្បីប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុមួយចំនួនទៀត នៅវត្តបុទុមស្រះឈូកភ្នំលៀប និងវត្តប្រាសាទចេតីយឡោតេ រួចបន្តទៅខេត្តសៀមរាប ប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ចំនួន៥វត្ត ដែលបានប្រារព្ធធ្វើ នៅកន្លែងព្រះអង្គចេក និងព្រះអង្គចម និងចូលថ្វាយបង្គំ សម្តេចព្រះព្រហ្ម រតន មុនី ពិន សែម នៅវត្តរាជបូរណ៌ផងដែរ៕