(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សហការជាមួយសមាគមស្បែកជើងកម្ពុជា (ស.ស.ក) សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (ស.ផ.ស.ក) និងសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា (MBCC) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបរធនបាលកិច្ច៖ យន្តការប្រកបដោយពលានុភាព និងទំនុកចិត្តខ្ពស់សម្រាប់ការវិនិយោគ។
សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និង ឧកញ៉ា តាន់ ឃីម៉េង ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅអគារ Morgan Tower។
កម្មវិធីនេះមានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយពីកាលានុវត្តភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ច ព្រមទាំងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចពីថ្នាក់ដឹកនាំ និងសមាជិក-សមាជិកានៃសមាគម ស.ស.ក សមាគម ស.ផ.ស.ក និង MBCC ដែលជាវិនិយោគិន និងធុរជនសក្ដានុពលនៅកម្ពុជា ដើម្បីអាចទាញយកផលប្រយោជន៍ជាអតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចរបស់ខ្លួន៕