(ភ្នំពេញ)៖ អនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក គីយូស៊ី អូដាវ៉ារ៉ា បានថ្លែងថា កម្ពុជា គឺជាប្រទេសមួយដ៏សំខាន់នៅក្នុងតំបន់អាស៊ាន ហើយជប៉ុន ក៏ចាប់អារម្មណ៍ខ្ពស់ចំពោះការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាផងដែរ។
លោក គីយូស៊ី អូដាវ៉ារ៉ា បានថ្លែងដូច្នេះ ក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
លោក អូដាវ៉ារ៉ា បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ ជាដំណើរទស្សនកិច្ចលើកដំបូង ហើយលោកបានសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនច្រើន ជាពិសេសរាជធានីភ្នំពេញ។ នេះបើតាម ការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងជំនួបនេះ លោក អូដាវ៉ារ៉ា បានថ្លែងលើកឡើងពីវឌ្ឍនភាព នៃទំនាក់ទំនងប្រទេសទាំងពីរ ហើយបានសម្តែងការរីករាយចំពោះការហោះហើរត្រង់ របស់ជប៉ុនមកកាន់កម្ពុជា ហើយលោក ក៏បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលកន្លងមកបានលើកទឹកចិត្ត និង ជំរុញឲ្យមានការហោះហើរត្រង់នេះ។ លោក អូដាវ៉ារ៉ា បានបង្ហាញក្តីរំពឹងថា តាមរយៈការហោះហើរត្រង់នេះ នឹងទាក់ទាញអ្នកវិនិយោគជប៉ុន និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា កាន់តែខ្លាំងឡើងថែមទៀត។
ក្នុងជំនួបនេះលោកអនុរដ្ឋមន្រ្តីការបរទេសជប៉ុន បានសន្យាថា នឹងជួយកម្ពុជា តាមរយៈការផ្តល់នូវរថយន្តក្រុង, វិស័យស្បៀងអាហារ, បញ្ហដោះមីន, បញ្ហាអភិវឌ្ឍធនធានមនុស្សជាដើម ដើម្បីធ្វើយ៉ាងណាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើនថែមទៀត។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក អូដាវ៉ារ៉ា ជាពិសេសការផ្តាំសួរសុខទុក្ខ ពីលោក ស៊ិនហ្សូ អាបេ ជូនចំពោះសម្តេចផ្ទាល់។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែជួយដល់កម្ពុជា។ កាអភិវឌ្ឍរបស់កម្ពុជាឈានមកដល់ពេលនេះ មិនអាចកាត់ផ្តាច់ពីភាគីជប៉ុនបានឡើយ រួមទាំងការជួយដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ដល់ជប៉ុន ដែលបានជួយកម្ពុជា ក្នុងក្របខណ្ឌតំបន់ ក្នុងការកាត់បន្ថយគម្លាតរវាងកម្ពុជា-អាស៊ាន។ ជាពិសេសកន្លងមកបានជួយតាមរយៈការកសាងស្ពានអ្នកលឿង ដែលជាសាក្ខីភាពជំរុញការតភ្ជាប់រវាងថែ-កម្ពុជា-វៀតណាម ហើយការហោះហើរត្រង់នេះទៀត គឺជាការតភ្ជាប់ផ្លូវអាកាស ដែលមិនត្រឹមតែជំរុញរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ រដ្ឋាភិបាលនិងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យមានភាពជិតស្និទ្ធរវាងប្រជាជន និងប្រជាជនផងដែរ៕