(កណ្តាល)៖ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុង​ពុះ​កញ្ជ្រោល​​យ៉ាង​ខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែល​ចេះតែបែក​បាក់​គ្នា និង​គ្មាន​គោល​នយោបាយច្បាស់លាស់លើសកម្មភាពនយោបាយ។ ជាពិសេស​ការ​ធ្វើនយោ​បាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ចន គីមលាង បេក្ខជនក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល បានប្រកាស​ផ្តាច់ខ្លួន​ពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាព​នយោ​បាយបម្រើអស់​ជាច្រើនឆ្នាំមកហើយ។

លោក ចន គីមលាង បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិ​មាតុ​ភូមិ​នា​ពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។ ចាប់ពីពេលនេះតទៅឈប់លង់ជឿតាមការញុះញង់ និងអូសទាញរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកទៀត។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយ​របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លេចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ ជាក់ស្តែងនាពេលថ្មីៗនេះ ជនក្បត់ប្រយោជន៍ជាតិ សម រង្ស៉ី និងបក្ខពួក បានព្យាយាមធ្វើសកម្មភាបរារាំងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងមានប្រយោជន៍មហាសាលសម្រាប់ជាតិ។ សកម្មភាពនេះ ជាទង្វើមួយដ៏អាម៉ាស់ជាទីបំផុត។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ លោក ចន គីមលាង ក៏បានសុំការ​អនុគ្រោះ​ពី​សម្តេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា ដើម្បីបានឱកាស​រួម​រស់ជា​មួយគណបក្ស​ប្រជាជនកម្ពុជា បន្ត​សកម្ម​ភាពនយោបាយទៅមុខបន្តទៀត។

លោក ចន គីមលាង បានមើលឃើញច្បាស់​ដោយ​ឥតសង្ស័យថា គណ​បក្ស​ប្រជាជន​កម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណ​បំណាច់ដ៏ធំធេង​សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ដ៏ខ្លាំង​ពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យ​ពូជ​សាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ថែមពីលើនោះសម្តេចតេជោ បានប្រឹងប្រែងបញ្ចប់សង្គ្រាម បង្រួបបង្រួមជាតិ និងកសាងជាតិឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

អ្នកស្ម័គ្រស្មោះព្រោះចាញ់កលលួងលោមក្រុម​ប្រឆាំងជ្រុលនិយមបន្តថា គណបក្សប្រជាជនកម្ពុជា ជា​គណបក្សមានគោល​នយោបាយ​ច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិ​ឆ្ពោះ​ទៅរកភាពរុង​រឿង។ ជាពិសេសបក្ស​ប្រជា​ជន​កម្ពុជា ជាបង្អែក និងជាទីទុកចិត្ត​របស់​ប្រជា​ពលរដ្ឋ ក្នុងការធានារក្សា​បាន​​សុខ​សន្តិ​ភាព និងស្ថេរភាពសង្គម​ដែលជាលក្ខខណ្ឌ​ដ៏ចាំ​បាច់សម្រាប់ធានានូវការរស់នៅ​ប្រកប​​ដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើ ការពារ ស្ម័គ្រស្មោះជា​មួយ​​បក្ស​ប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស​មិន​ចាញ់​​បោក​ការ​អូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ។

លោក ចន គីមលាង ក៏បានអំពាវនាវដល់អ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និង​ឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយ​បក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឱ្យរុងរឿង៕