(ភ្នំពេញ)៖ លោក ម៉ូវ ចរិយា ប្រធាននិយ័តករទូគមនាគមន៍កម្ពុជា បានថ្លែងថា «សម្រាប់ស៊ីមកាតដែលប្រើប្រាស់ ដោយមិនមានអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់ ត្រូវបានធ្វើការលុបបំបាត់ អស់៩២ភាគរយហើយ»។
ការថ្លែងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី «ការពិភាក្សាលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តសារាចរអន្ដរក្រសួង ស្ដីពីគ្រប់គ្រងការធ្វើអាជីវកម្ម និងការប្រើប្រាស់សេវាកម្ម ទូរគមនាគមន៍ និងការប្រកាសអំពីនីតិវិធី របស់ក្រុមការងារអន្ដរក្រសួង ចុះត្រួតពិនិត្រលេខទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណប័ណ្ណ ឬឯកសារសម្គាល់អត្តសញ្ញាណ ដល់ទីកន្លែង ប្រតិបត្តិករទូរស័ព្ទចល័តទាំងអស់» នាព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានការចូលរួម ពីសំណាក់តំណាងក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជា។
លោក ម៉ូវ ចរិយា បានថ្លែងថា «សម្រាប់ឥឡូវនេះគឺល្អជាងមុនឆ្ងាយ ព្រោះយើងកំណត់ពីខែសីហា ឆ្នាំ២០១៥ ហើយមកដល់ឥឡូវនេះ គឺអនុវត្តន៍បានទាំងអស់ នៅប្រហែលជា៧-៨ភាគរយ ហើយក្នុងការប្រជុំថ្ងៃនេះ គឺស្វែងរកវិធានការដើម្បីលុបស៊ីមកាត ដែលអត់មានអត្តសញ្ញាណប័ណ្ណ និងរិះរកវិធីណា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបន្ដទៀត»។
លោកបានបន្ដទៀតថា «មកដល់ពេលឥឡូវនេះ បើតាមការឲ្យដឹងពីក្រុមហ៊ុនទូរស័ព្ទ គឺបានលុបបំបាត់ការប្រើប្រាស់ស៊ីមកាត ដោយមិនមានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវបាន៩២ភាគរយហើយ ហើយយើងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងព្រោះថា កិច្ចការនេះយើងបានធ្វើអស់រយៈពេលជាច្រើនឆ្នាំហើយ»។
លោកក៏បានបន្ថែមទៀតថា «ការគ្រប់គ្រងស៊ីមកាត ដោយមិនមានការប្រើប្រាស់ អត្តសញ្ញាណប័ណ្ណត្រឹមត្រូវ គឺបានជួយយ៉ាង ច្រើនដល់សន្តិសុខសង្គម ក្នុងការជួយសន្តិសុខសណ្ដាប់ធ្នាប់ ដល់ប្រជាពលរដ្ឋ ដោយកន្លងមកមានការបោកប្រាស់ ហើយមួយចំនួនទៀតក៏ត្រូវបានជំរិតទារប្រាក់ សម្លុតគំរាមកំហែងគ្រប់បែបយ៉ាងទាំងអស់ ហើយប្រព័ន្ធទាំងអស់នេះ ត្រូវបានប៉ូលីសឆែកទៅឃើញថា មាន៣០-៤០ភាគរយ អត់មានអត្តសញ្ញាណប័ណ្ណ តែសម្រាប់ឥឡូវនេះ សល់ប្រហែល៧-៨ភាគរយប៉ុណ្ណោះ តែយើងនឹងចាប់ផ្ដើមរកវិធានការបន្ដទៀត ដើម្បីឈានទៅរកដំណោះស្រាយតែម្ដង»។
លោកបានបន្ដទៀតថា វិធានការទី១ គឺនឹងត្រូវចាប់ផ្ដើមលុបស៊ីមកាត ដោយឲ្យក្រុមហ៊ុនធ្វើការទំនាក់ទំនងផ្ទាល់ជាមួយ អតិថិជន, ទី២-លុប ឬផ្អាកដំណើរការស៉ីមកាតទាំងនោះ, និង៣-គឺធ្វើការដាក់នៅកម្មវិធីមួយ នៅក្នុងហាងលក់ទាំងអស់ បើស៊ីមចុះឈ្មោះថ្មី អត់មានអត្តសញ្ញាប័ណ្ណនឹងមិនដំណើរការ។
លោកក៏បានបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកប្រើប្រាស់ស៉ីមកាត មានចំនួន១៩លាននាក់ ធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៥ ដែលមាន២១លានស៉ីមកាត។ ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីការឈប់ប្រើប្រាស់ស៊ីម២-៣ មួយវិញទៀត ខាងក្រុមហ៊ុនចាប់ផ្ដើមគ្រប់គ្រងស៊ីមកាតឡើងវិញ ដោយលុបឈ្មោះចោល ហេតុដូចច្នេះទើបធ្វើឲ្យមានការថយចុះ៕