(ថៃ)៖ ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ប្រធានរដ្ឋសភាកម្ពុជាទៅកាន់ប្រទេសថៃ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាថៃ គឺជានិមិត្តរូបសំខាន់មួយនៃការពង្រឹងពង្រីកទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរកម្ពុជា-ថៃ ដែលជាអ្នកភូមិផងរបងជាប់គ្នា ឱ្យរឹងរឹតតែស្អិតរមួតបន្ថែមទៀត។ រដ្ឋសភាជាស្ថាប័នតំណាងឱ្យប្រជាជនពលរដ្ឋ។
គេបានសង្កេតឃើញថា នៅក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរមាន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង លោក វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានរដ្ឋសភាថៃ បានអង្គុយពិភាក្សាការងារជាមួយគ្នា ដោយឈរលើភាពស្មោះត្រង់ អ្នកជិតខាងល្អ ការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមក ជាពិសេសការគោរពឯករាជ្យភាពនៃប្រទេសនីមួយៗ។
យកផលប្រយោជន៍ពលរដ្ឋជាធំ ថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរ បានបង្ហាញនូវឆន្ទៈមុះមុតក្នុងការលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ភាគជាដៃគូគ្រប់ជ្រុងជ្រោយ ដែលរាជរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ មិនត្រឹមបានពិភាក្សាគ្នានៅក្នុងការលើកកម្ពស់ទំនាក់ទំនងស្ថាប័នរដ្ឋសភានិងរដ្ឋសភាប៉ុណ្ណោះទេ ។ ប៉ុន្តែបានពិភាក្សានៅក្នុងការស្វែងរកយន្តការថ្មីៗ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ទេសចរណ៍ សេដ្ឋកិច្ច ជាពិសេស ការលើកកម្ពស់ជីវភាពពលរដ្ឋ។
យកពលរដ្ឋជាស្នូល សម្តេចប្រធានរដ្ឋភាបានស្នើសមភាគី ជំរុញទំហំពាណិជ្ជកម្ម និងលំហូរទំនិញឆ្លងដែន ដោយដកចេញនូវរបាំង និងឧបសគ្គផ្សេងៗ ជំរុញការតភ្ជាប់ និងពង្រឹងអភិបាលកិច្ចច្រកព្រំដែន ជាដើម។ ក្រៅពីវិស័យពាណិជ្ជកម្ម សម្តេចក៏បានពិភាក្សាអំពីការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកលេងប្រទេសទាំងពីរ ក្រោមយុទ្ធសាស្ត្រ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» ដែលស្របទៅនឹងគំនិតផ្ដួចផ្ដើម របស់ព្រះរាជាណាចក្រថៃក្នុងការពង្រឹង «ប្រទេសប្រាំមួយ គោលដៅតែមួយ (Six Countries, One Destination)» ផងដែរ។
ជាលទ្ធផលសំខាន់មួយ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅប្រទេសថៃគឺ រដ្ឋសភាប្រទេសទំាងពីរ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាប្រទេសទំាងពីរ សារថ្មីជំនួស អនុស្សរណៈចាស់ដែលបានធ្វើឡើងតំាងពីឆ្នាំ២០០៧ ឱ្យស្របតាមសភាពការណ៍ស្តែង ឆ្លើយតបនិងការរីកចម្រើនសង្គមជាតិ។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង លើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្នាកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង តាមរយៈសកម្មភាពការទូតសភា។ នៅក្នុងនោះរដ្ឋសភា ទំាងពីរ នឹងគាំទ្រគ្នា ចូលរួម និងផ្លាស់ប្តូរព័ត៌មាន ការអនុវត្តល្អៗ ក៏ដូចជា ប្រភពធនធានពាក់ព័ន្ធក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលនឹងរួមចំណែកដល់ការសម្រេចបាននូវសន្តិភាព វិបុលភាព និងការជឿនលឿនទៅមុខ នៃអង្គការសភារបស់ភាគីទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកទាំងនៅវេទិកា-តំបន់ និងអន្តរជាតិ។
នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបានផ្តល់អាទិភាពសំខាន់នៅក្នុងការពង្រឹងពង្រីកវិស័យការទូតសភាដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋ ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក មិនថានៅក្នុងតំបន់និងក្រៅតំបន់នោះទេ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី តែងតែបានគូសបញ្ជាក់ថាទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា ជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ជាពិសេស នៅក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលមិនទៀងទាត់យ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ដោយសារជម្លោះភូមិសាស្រ្តនយោបាយ ដែលបានធ្វើឱ្យសណ្តាប់ធ្លាប់ពិភពលោកធ្លាក់ចុះនោះ ការទូតសភា ដើរតួនាទីសំខាន់នៅក្នុងការរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដោយចីរភាពជូនដល់ពលរដ្ឋ៕