(រតនគិរី)៖ កងអនុសេនាធំទី៣ ចំណុះឲ្យវរសេនាតូចការពារព្រំដែនលេខ២ ប្រចាំការតំបន់កន្ទុយនាគបានឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ នៅចំណុចអូរតាយ៉ាក់ ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) កាលពីពេលថ្មីកន្លងមកនេះ។ លុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ពួកគេត្រូវបានប្រគល់ជូនមន្ត្រីនគរបាលអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តរតនគិរីបន្តនីតិវិធី។
មន្ត្រីអន្តោប្រវេសន៍ចុះទៅទទួលជនជាតិវៀតណាមខាងលើ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន ចាន់វាសនា ស្នងការរងជំនួយការដឹកនាំការិយាល័យអនុវត្តនីតិវិធី។ ទាក់ទិនទៅនឹងករណីខាងលើនេះដែរ ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទូរសព្ទសុំការបំភ្លឺពីលោកវរសេនីយ៍ទោ ម៉ែន ចាន់វាសនា ដែរ តែទូរសព្ទតេចូលជាច្រើនដង គ្មានអ្នកទទួល។
លោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី ប្រាប់ឲ្យដឹងថា ពិតជាមានជនជាតិវៀតណាមចំនួនតែ ៣នាក់ទេ ចូលទៅតំបន់ខាងលើដែលត្រូវឃាត់ខ្លួនដោយសមត្ថកិច្ច ប្រចាំការនៅទីនោះ។ ជនជាតិវៀតណាមទាំង ៣នាក់នេះ ខុសត្រង់ទិដ្ឋាការទេសចរណ៍ បែរមកធ្វើការងារវិញ។
កន្លងទៅថ្មីៗនេះ សមត្ថកិច្ចចម្រុះរបស់ខេត្តរតនគិរី ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត ចុះឃាត់ខ្លួនជនជាតិចំនួន ២៦នាក់ម្តងរួចហើយ ករណីរុករកធនធានធម្មជាតិខុសច្បាប់ (រ៉ែមាស) នៅក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) ដូច្នេះមានតែក្រុមការងារថ្នាក់ជាតិ ទើបអាចធ្វើការបង្រាបអ្នកលួចបំផ្លាញធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕