(ភ្នំពេញ)៖ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានលើកឡើងថា គោលការណ៍សន្តិភាពទាំង៥ របស់ចិនបានដើរស្របជាមួយនឹងសេចក្តីប្រាថ្នា ដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិគ្រប់គ្នា នោះគឺសន្តិភាព និងការអភិវឌ្ឍ។
ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិន នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកបណ្ឌិតជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិនបានមានប្រសាសន៍ថា គោលការណ៍សន្តិភាពទាំង៥៖ ១. ការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាព ២. ការមិនឈ្លានពាន ៣. ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ៤. ការគោរពនិងផ្តល់តម្លៃចំពោះសមភាព និងផលប្រយោជន៍ទៅវិញទៅមក និងទី៥. ការរួមរស់ដោយសន្តិភាព និងសុខដុមនីយកម្ម។
លោកបញ្ឌិតបញ្ជាក់ថា៖ «ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ ខ្ញុំយល់ថា គោលការណ៍ទាំង៥នេះជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ជាបន្ទាត់ យ៉ាងច្បាស់លាស់ នៅក្នុងគោលនយោបាយការទូតរបស់ប្រទេសចិន ដែលដើរស្របជាមួយនឹងសេចក្តីប្រាថ្នា ដែលត្រូវបានបង្កើតឡើង ដោយមនុស្សជាតិគ្រប់គ្នា នោះគឺសន្តិភាព និងការអភិវឌ្ឍ។ យ៉ាងណាមិញ គោលដៅនេះគឺនៅមិនឆ្ងាយពីមនុស្សជាតិនោះឡើយ ប្រសិនជាមនុស្សជាតិជ្រោងទង់ នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ស្របតាមប្រាជ្ញាចិនដែលបានផ្តួចផ្តើមឡើង ដោយលោក Xi Jinping ប្រធានរដ្ឋចិនដែលពោរពេញដោយឧត្តមគតិសកលឈរយ៉ាងរឹងមាំ លើទម្រនៃគោលការណ៍សន្តិភាព ទាំង៥នេះ។»
លោកបណ្ឌិតជាមុនីឫទ្ធិបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសដែលស្នេហាសន្តិភាព កម្ពុជាបានឈរយ៉ាងរឹងមាំលើ ទម្រនៃគោលការណ៍សន្តិភាពទាំង៥ដូចប្រទេសចិន និងដូចបណ្តាប្រទេសជាច្រើន បាននិងកំពុងរួមកម្លាំងគ្នាថែរក្សាសន្តិភាព។ កម្ពុជានិងចិនរួម ជាមួយបណ្តាប្រទេសនានាបានបន្តលើកតម្កើងស្មារតី នៃគោលការណ៍សន្តិភាពទាំង៥ ដែលមានអាយុចំណាស់៧០ឆ្នាំ នេះក្លាយជាខ្លឹមសាររួម នៃកិច្ចកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិដោយបាននិងកំពុងផ្តល់ផលប្រយោជន៍មហិមា ដល់មនុស្សជាតិដូចទៅនឹងរសជាតិសន្តិភាព ដែលប្រជាជនកម្ពុជានាសករាជតេជោ បាននិងកំពុងភ្លក្ស ព្រមទាំងអរគុណសន្តិភាពដក់ជាប់ ក្នុងក្រអៅបេះដូង៕
វិទ្យុមិត្តភាពកម្ពុជាចិន