Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តឧត្តរមានជ័យ ចុះពិនិត្យទំនិញក្នុងផ្សារសំរោង រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួន

20-09-2016 18:37

(ឧត្តរមានជ័យ)៖ ខណៈដែលមានបងប្អូន ប្រជាពលរដ្ឋមួយចំនួន ព្រួយបារម្ភអំពីសុវត្ថិភាព ម្ហូបអាហារប្រចាំថ្ងៃនោះ ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរក្រុងសំរោង បានធ្វើសកម្មភាព ចុះពិនិត្យទំនិញក្នុងផ្សារសំរោង រកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទមួយចំនួន។

លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា សកម្មភាពនេះ គឺធ្វើឡើងដើម្បីត្រួតពិនិត្យ នូវទំនិញដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារនេះ ដើម្បីពិនិត្យគុណភាពទំនិញ នឹងធានាថា ទំនិញដែលដាក់តាំងលក់ជូនសាធារណៈជន នៅក្នុងផ្សាសំរោង ដែលជាផ្សាស្ថិត ក្នុងទីរួមខេត្ត មានគុណភាពល្អ មិនប៉ះពាល់សុខភាព និងណែនាំដល់អាំជីវករ។ លោក បន្តថា ទំនិញមួយចំនួន ត្រូវបាននាំចូលដោយខុសច្បាប់ មានខ្លះហួសកាលបរិច្ឆេទ វេចខ្ចប់មិនត្រឹមត្រូវ គ្មានស្លាកសញ្ញា និងខ្លះទៀតមានលាយសារធាតុគីមី ទំនិញទាំងនេះ ពេលដែលប្រជាពលរដ្ឋយកទៅប្រើប្រាស់ ឬបរិភោគ គឺនាំអោយខូចសុខភាព។

ជាមួយគ្នានោះដែរ សាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ ក៏បានណែនាំដល់ដល់អាជីវករ ជាពិសេសអ្នកគ្រឿងបរិភោគទាំងអស់ ឲ្យយល់ពីផលប៉ះពាល់ នៃសារធាតុគីមី ក្នុងចំណីអាហារ និងជម្រុញឲ្យអាជីវករ ចាំបាច់ត្រូវត្រួតពិនិត្យឱ្យបានច្បាស់ មុននឹងទិញយកមកលក់បន្ត ហើយបើសង្ស័យថា មានទំនិញដែលខុសប្រក្រតី ត្រូវសហការ រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការជាបន្ទាន់ ជាពិសេសសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មុននឹងទិញរបស់អ្វីមួយ ដូចជាគ្រឿងបរិភោគ ដែលគេវេចខ្ចប់ ជាកំប៉ុងក្ដី ជាដប ឬជាថង់ក្ដី ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទដែលមានបិទ បោះពុម្ពភ្ជាប់នៅតាមកំប៉ុង ដប ឬថង់ទាំងនោះ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចំណាយអស់លុយហើយ ទិញរបស់ដែលខូចគុណភាព ឬហួសកាលបរិច្ឆេទ យកទៅបរិភោគដែលវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សាខាកាំកុងត្រូល ត្រួតពិនិត្យប្រហុក និងបង្ការស្រស់ ឃើញថាពុំមានសារធាតុគីមីហាមឃាត់ដូចជា Formule ឡើយ ប៉ុន្ដែក្នុងនោះ មន្ដ្រីជំនាញ រកឃើញនឹងដកហូតនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទ មួយចំនួន រួមមាន ទឹកក្រូចដប១៦៣ដប ដូងខ្ទិះ៤៥ប្រអប់ ទឹកជ្រលក់៤ដប និងទឹកប៉េងប៉ោះ៣៥ដប ផងដែរ ហើយមន្ដ្រីជំនាញនឹងយកទៅដុតកម្ទេចចោលនៅពេលក្រោយ៕