(កំពង់ឆ្នាំង)៖ កម្លាំងនគរបាលស្រុករលាកប្អៀរ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឃាត់រថយន្តដឹកកម្ទេចលៀសចម្រុះខុសច្បាប់មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពលើកការ៉ុងកម្ទេចលៀសដាក់លើរថយន្ត នៅចំណុច ថ្នល់តាសែង ស្ថិតក្នុងភូមិវត្តថ្នល់ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក យឹម សុផល អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដែលបានដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបបទល្មើសដឹកកម្ទេចលៀសចម្រុះដោយខុសច្បាប់ នៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានរថយន្តធុនធំមួយគ្រឿង កំពុងធ្វើសកម្មភាពលើកការ៉ុងកម្ទេចលៀសចម្រុះខុសច្បាប់ឡើងដាក់លើរថយន្តនៅចំណុចខាងលើ លោកវរសេនីយ៍ទោ រ៉េត សុផល អធិការនគរបាលស្រុករលាប្អៀរ ក៏បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចុះធ្វើការនេះភ្លាមៗផងដែរ។
លោកបានបន្តឲ្យដឹងថា បន្ទាប់ពីរកឃើញរថយន្តកំពុងតែលើកការ៉ុងកម្ទេចលៀសដាក់លើរថយន្ត លោកក៏បានទូរស័ព្ទសហការជាមួយមន្ត្រីជំនាញរដ្ឋបាលជលផល តែដោយយប់ជ្រៅពេកមិនអាចធ្វើការទំនាក់ទំនងបាន លុះព្រឹកឡើងលោកក៏បានសហការជាមួយខណ្ឌរដ្ឋបាលជលផលម្ដងទៀត និងបានសុំគោលការណ៍ពីថ្នាក់ដឹកនាំ ដោយដឹកយកកម្ទេចលៀសចម្រុះខាងលើនេះយកទៅចាក់ចូលទៅក្នុងទឹកស្ទឹងមួយកន្លែង ស្ថិតនៅក្នុងភូមិវត្តស្ទឹង ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដែលកម្ទេចលៀសចម្រុះទាំងអស់សរុបចំនួន៥០០ការ៉ុង ស្មើនិង២៥តោន។
សូមបញ្ជាក់ថា បើតាមសមត្ថកិច្ចនគរបាល និងមន្ត្រីជំនាញបានឲ្យដឹងថា រថយន្តនេះមានម៉ាកហ៉ីយ៉ុនដាយ (HYUNDAI) ពណ៌ស ផ្លាកលេខ កំពង់ឆ្នាំង 3A- 0591 ដោយសម្គាល់ទៅលើក្រដាសពន្ធផ្លូវនិងក្រដាសឆៀកយានយន្ត ដែលបិទនៅលើកញ្ចក់រថយន្ត។ នេះជារថយន្តដែលធ្លាប់ធ្វើសកម្មភាពដឹកជញ្ជូនកម្ទេចលៀសខុសច្បាប់នៅក្នុងរដូវបិទនេសាទ ហើយកន្លងមកក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានចាប់ឃាត់បញ្ជូនទៅ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង យកទៅធ្វើការផាកពិន័យអន្តរការចំនួន២លើករួចមកហើយដែរ។
ដោយឡែកនៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ រថយន្តដដែលនេះមិនបានរៀងចាលនោះទេ គឺបានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ម្ដងទៀត ហើយក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ចាប់ឃាត់បានជាលើកទី៣ តែរថយន្តខាងលើនេះ ត្រូវបានគេដោះដូរផ្លាកលេខ ដោយដោះយកផ្លាកលេខពិតរបស់រថយន្តកំពង់ឆ្នាំង 3A-059 1ចេញ ហើយយកផ្លាកលេខក្លែងក្លាយ គឺផ្លាកលេខភ្នំពេញ 3A-5959 ដែលជាផ្លាកលេខរបស់រថយន្តម៉ាកហ្វូសូ (FOSO) ពណ៌ក្រហម ដែលមិនមែនជាផ្លាកលេខរបស់រថយន្តខាងលើនេះ មកដាក់ជំនួសវិញដើម្បីបន្លំភ្នែកសមត្ថកិច្ច។
លោក លី ហុងស្រេង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា រថយន្តដឹកលៀសខាងលើនេះ កម្លាំងខណ្ឌរដ្ឋបាលជលផលរបស់លោកសហការជាមួយកម្លាំងនគរបាលស្រុករលាប្អៀរ ចាប់ឃាត់កាល ពីវេលាចន្លោះពីម៉ោង ១១៖០០នាទីទៅម៉ោង១២៖០០ នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលរថយន្តនេះកំពុងធ្វើសកម្មភាពលើកការ៉ុងលៀសដាក់លើរថយន្ត ចំណែកវត្ថុតាងនៃបទល្មើសលោកនឹងយក មកកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីស្ដីពីជលផល។
ដោយឡែកវត្ថុតាងលៀសកម្លាំងរបស់លោក និងសមត្ថកិច្ចនគរបាល នឹងយកទៅចាក់លែងនៅស្ទឹងមួយកន្លែង ស្ថិតនៅក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។ លោកបានបញ្ជាក់ថា ចំពោះរថយន្តដឹកលៀសដែលត្រូវ បានសមត្ថកិច្ចចាប់ឃាត់បានកាលពីយប់មិញនេះ គឺជារថយន្តថ្មីដែលទើបតែចាប់បានជាលើកទីមួយនោះទេ ដោយសារតែលោកសង្កេតឃើញផ្លាកលេខរថយន្តគឺជាផ្លាកលេខថ្មី។
ជុំវិញករណីនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ថា ករណីទី១ បើរកឃើញថា រថយន្តខាងលើនេះ បានដឹកកម្ទេចលៀសដោយខុសច្បាប់ចំនួន៣ដងពិតប្រាកដមែននោះ លោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។ ដោយឡែកពាក់ព័ន្ធនឹងរថយន្តបើរកឃើញថា មានការក្លែងបន្លំផ្លាកលេខ ពិតប្រាកដមែនដាច់ខាត លោកត្រូវតែសុំយោបល់ពីលោកព្រះរាជអាជ្ញា ដើម្បីធ្វើសំណុំបែបបទបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដូច្នេះករណីទាំង២ខាងលើនេះ គឺត្រូវតែអនុវត្តផ្លូវច្បាប់ជាដាច់ខាត។
គួររំលឹកថា ករណីរថយន្តធុនធំមួយគ្រឿងម៉ាក ហ៉ីយ៉ុនដាយ (HYUNDAI) ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 3A-0591នេះ កន្លងមកត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្លាប់ធ្វើការចាប់ឃាត់បានចំនួន២លើក បញ្ជូនទៅខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួចមកហើយ ពាក់ព័ន្ធនិងករណីដឹកកម្ទេចលៀសខុសច្បាប់ ក្នុងរដូវបិទនេសាទ ហើយមន្ត្រីជំនាញរដ្ឋបាលជលផលក៏បានធ្វើការពិន័យអន្តរការទាំង២លើកផងដែរ។
លើកទី១ ធ្វើការពិន័យម្ដង តែរថយន្តនេះនៅតែមិនរៀងចាល ទើបសមត្ថកិច្ចនគរបាលចាប់បានលើកទី២ទៀត បញ្ជូនទៅខណ្ឌរដ្ឋបាលជលផល ហើយក៏ត្រូវបានមន្ត្រីជំនាញធ្វើការពិន័យអន្តរការទ្វេរដងផងដែរ។
កាលណោះទាំងលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងលោកប្រធានមន្ទីរកសិកម្ម បានអះអាងដូចគ្នាថា ប្រសិនបើរថយន្តនេះនៅតែប្រព្រឹត្តបទល្មើសដឹកកម្ទេចលៀសដោយខុសច្បាប់ជាលើកទី៣បន្តទៀត បើសមត្ថកិច្ចចាប់បាននឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមិនមានការពិន័យអន្តរការទៀតនោះឡើយ៕