(ភ្នំពេញ)៖ កម្ពុជា-រុស្ស៊ី បានគូសបញ្ជាក់ជា ថ្មីនូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំ គណៈកម្មការអន្តររដ្ឋាភិបាល។
ការប្ដេជ្ញាចិត្ដនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូមិត្តភាពរវាងកម្ពុជា និងរុស្ស៊ី លោករដ្ឋលេខាធិការ និង លោកឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជា ថ្មីនូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល។ កិច្ចការតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕