(ភ្នំពេញ)៖ សំណុំរឿងអត្រានុកូលដ្ឋានចាស់ជិត ៥ពាន់សំណុំរឿង ត្រូវបានដោះស្រាយចប់សព្វគ្រប់ ១០០% ខណៈសំណុំរឿងចូលថ្មីក្រោយប្រកាសបើកយុទ្ធនាការដោះស្រាយសំណុំរឿងជាង ២ម៉ឺនករណី ត្រូវបានដោះស្រាយអស់ ៩០% ហើយ។ នេះបើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។

យុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ផ្តោតសំខាន់លើសំណុំរឿងអាទិភាពចំនួន ៤ រួមមាន៖ សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា «ពាក់ព័ន្ធនឹងករណីសំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងដែលនៅសល់មុនពេលប្រកាសបើកយុទ្ធនាការចំនួន ៤ ៩៨៣ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ ១០០% តាំងពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ ចំណែកសំណុំរឿងអត្រានុកូលដ្ឋានដែលចូលថ្មី ចំនួន ២១ ៨៣៥ ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់ចំនួន ១៩ ៧៩៨ ស្មើនឹង ៩០% នៃសំណុំរឿងសរុប»។

គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ 099 444 181 ៕