(ក្រចេះ)៖ លោក សុខ ចាន់ភក្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ចើញបើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបរិវេណវត្តសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
នាឱកាសនោះលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឱ្យដឹងថា ក្រុមការងាររបស់ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកចុះមកនាពេលនេះ ដើម្បីសួរសុខទុក្ខតំណាងឲ្យថ្នាក់ដឹកនាំប្រទេសអញ្ចឹងប្រសិនបើបញ្ហាណា ដែលបងប្អូនជួបបញ្ហាលំបាកអាចលើកឡើងនៅពេលនេះ ហើយសំណូមពរណាដែលថ្នាក់ដឹកនាំអាចដោះស្រាយភ្លាមៗនៅទីនេះតែម្ដង។ ចំពោះរឿងរ៉ាវណាដែលមិនអាចដោះស្រាយបានក្រុមការងារ និងកត់ត្រាទុកដើម្បី រាយការណ៍ជូនថ្នាក់ដឹកនាំខាងលើរកដំណោះស្រាយជូនបន្តរទៀតនៅពេលក្រោយ។
អភិបាលស្រុកបន្តថា ប្រសិនបើមិនមានការរៀបចំវេទិកាសាធារណៈនេះតាមមូលដ្ឋានទេ មិនអាចដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយនោះឡើយ។ ថ្លែងនៅក្នុងវេទិកាសាធារណៈនោះលោក សុខ ចាន់ភក្តី បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងការផ្ដាំផ្ញើសាកសួរសុខទុកពីដំណាក់ប្រមុខ រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំសំបុកនេះផ្ទាល់។
លោក សុខ ចាន់ភក្តី បានបន្ថែមថា ក្រុមការងារដែលបានទទួលការចាត់តាំងពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានចុះមកនេះមិនមែនជាក្រុមការងារចុះមកដោះស្រាយដោយប្រើតួនាទីមកចង្អុលបញ្ជា ដែនសមត្ថកិច្ច របស់អាជ្ញាធរមូលដ្ឋាននោះទេ គឺមកតំណាងដើម្បីតាមដានពីការងារអភិវឌ្ឍន៍របស់មូលដ្ឋាន ថាតើមានការអភិវឌ្ឍបានប៉ុន្មានភាគរយ ហើយបានបម្រើការពារផលប្រយោជន៍ប្រជាពលរដ្ឋដែរឬអត់ និងដើម្បីស្តាប់សំណូមពរ របស់ប្រជាពលរដ្ឋដើម្បីធ្វើជាសេនាធិការជូនថ្នាក់ជាតិចូលរួមដោះស្រាយ ក្នុងការចូលរួមចំណែកជួយដល់រដ្ឋបាលស្រុកការដឹកនាំក្នុងកិច្ចការងារចំពោះមុខ៕