(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាកម្លាំងនគរបាលខេត្តបាត់ដំបង បន្តស្វែងរក និងតាមចាប់ឲ្យបានជនញៀនថ្នាំម្នាក់ ដែលបង្កការព្រួបារម្ភ ដល់ពលរដ្ឋមូលដ្ឋាន ជាពិសេសនៅស្រុកបាណន់ ខេត្តបាត់ដំបង។
បទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្រោយជនញៀនថ្នាំម្នាក់នេះ បានវាយស្រ្តីចំណាស់ម្នាក់ដែលដើរតាមផ្លូវក្នុងភូមិ បណ្តាលឲ្យស្លាប់ ក្រោយពេលប៉ុនប៉ងមិនបានសម្រេចលើស្រី្ត និងកុមារ២នាក់រួចមក។ ហេតុការណ៍នេះ បានជំរុញឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានតំបន់នោះ មានការភ័យ និងបារម្ភខ្លាចជនញៀនថ្នាំនេះជួបតាមផ្លូវ ហើយប៉ុនប៉ងសម្លាប់មិនរើសមុខ។
នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា លោកបានបញ្ជាឲ្យកម្លាំងនគរបាលខេត្តបាត់ដំបង ឃ្លាំមើលកន្លែងដែលជននេះគេចខ្លួន ហើយរត់លាក់ខ្លួននៅជើងភ្នំបាណន់ និងតាមដានឲ្យជាប់នៅតាមផ្ទះប្រជាពលរដ្ឋ ក្រែងជននេះ បានចេញមករកអីហូប៕