(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានលោក សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ការងារស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋមជូនទីប្រឹក្សា និងយុវជនកាកបាទ ក្រហមកម្ពុជា ចំនួន៦០នាក់ នៅវិទ្យាល័យហ៊ុនសែនត្រែង ស្រុករតនមណ្ឌល ដោយមានការចូលរួមពី លោកនាយកវិទ្យាល័យ គ្រូ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា សរុបអ្នកចូលរួមចំនួន ៧០នាក់ នៅវិទ្យាល័យហ៊ុនសែនត្រែង។
វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង គឺដើម្បីបង្កើនសមត្ថភាពចំណេះដឹង រួមមានប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម សុខភាព និងជំនាញក្នុងការសង្រ្គោះដល់អាយុជីវិតជនរងគ្រោះ និងកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។
នាឱកាសនោះដែរ លោក យ៉ាន ឧត្តម នាយករងសាខា ពាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹកជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ប្អូនៗយុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមជាមួយចល
នាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេង។
លោកនាយករងសាខាបានបញ្ជាក់ពីគោលបំណង នៃការបើកវគ្គនេះគឺ ដើម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះ ឲ្យយុវជនកាកបាទក្រហមយើង បានយល់ដឹងស៊ីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់។
លោកនាយករងសាខា ក៏សូមសម្តែងនូវការកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ របស់ក្មួយៗទាំងអស់ ក្នុងការក្លាយខ្លួនជាយុវជនកាកបាទក្រហមកម្ពុជាពេញលក្ខណៈ សំដៅដើរតួជាយុវជនគំរូឈានមុខទាំងការងារជួយសង្គ្រោះ ការងារផ្សព្វផ្សាយបន្ត និងការងារមិត្តអប់រំមិត្ត ក្នុងការរួមគ្នាលើកកម្ពស់កម្លាំងមនុស្សធម៌ ឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត។
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សុំឲ្យសាខាទាំង២៥រាជធានី-ខេត្ត គិតសំខាន់លើគុណភាពកុំគិតលើបរិមាណហើយត្រូវបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានជូនទីប្រឹក្សាយុវជននិងយុវជនកាកបាទក្រហមកម្ពុជា ឲ្យមានសមត្ថភាពដូចនេះសាខាបានសម្រេចជ្រើសរើសប្រធានបទសំខាន់ៗយកមកបណ្តុះបណ្តាលរួមមាន៖
១៖ ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងប្រវត្តិកាកបាទក្រហមកម្ពុជា
២៖ ការងារគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា និងការបង្កើតក្លឹបយុវជនមាននិរន្តរភាព
៣៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបំរែបំរួលអាកាសធាតុ
៤៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងសុខភាព
៥៖ ការងារលើកកម្ពស់បរិយាបន្ននៅតាមគ្រឹះស្ថានសិក្សា
៦៖ វិជ្ជាសង្គ្រោះបឋម។
លោក យ៉ាន ឧត្តម នាយករងសាខា បានបន្តថា ថ្វិត្បិតវគ្គសិក្សានេះ ពិតមែនមានរយៈពេលខ្លី ត្រឹមតែមួយថ្ងៃប៉ុន្តែវាបានផ្តល់នូវចំណេះដឹងជាច្រើម និងជាមូលដ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជា
ក្នុងគោលបំណងលើកកម្ពស់ស្មារតីយុវជន ឲ្យអាចមានលទ្ធភាពសមត្ថភាពចូលរួមចំណែក ជាមួយចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម កាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងដើម្បីលើកស្ទួយកិត្តិស័ព្ទកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ដែលជាសមាគមមនុស្សធម៌តែមួយគត់របស់ប្រទេសកម្ពុជាយើង។
លោកនាយករងសាខា មានសង្ឃឹម និងជឿកជាក់ថា យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងយកចំណេះដឹងទាំងអស់នេះ ទៅអប់រំផ្សព្វផ្សាយបន្ត និងជួយសង្គ្រោះបឋមដល់ប្រជាជនមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕