(ភ្នំពេញ)៖ បច្ចុប្បន្ន ក្រសួងបរិស្ថានកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃសរុប ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេស និងបានសម្របសម្រួលបង្កើតសហគមន៍ តំបន់ការពារធ្មជាតិបាន ១៩៣ទីតាំង និងមានសហគមន៍ខ្លះមានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ថែមទៀត។
នៅក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមការងារព័ត៌មាន Fresh News នៅក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខក្រសួងបរិស្ថាន, លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា រយពេល៣ថ្ងៃនេះ គម្រោងនិរន្តរភាព តំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ បានរៀបចំស្តង់ចំនួន៦ មានការចូលរួមពីសហគមន៍ចំនួន៧ និងក្រុមហ៊ុនឯកជនមួយ។ ស្តង់នេះបានបង្ហាញអំពីផលិតផលរបស់គម្រោង ព្រមទាំងការរួមចំណែកការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ ជាពិសេសគឺព្រៃឈើ។
លោក ឃិន ម៉េងឃាង បានបន្តថា សេវាកម្មទេសចរណ៍ធម្មជាតិ គឺអត់មានប៉ះពាល់លើការដកហូតព្រៃឈើធនធានព្រៃឈើទេ មានន័យថា ការនាំភ្ញៀវទេសចរទៅលេងកម្សាន្ត នៅតាមតំបន់ទេសចរណ៍ធម្មជាតិ ហើយទទួលបានកម្រៃ សម្រាប់គាំទ្រសហគមន៍។ ខណៈសហគមន៍មួយចំនួនមានសក្តានុពល ជាស្តែងសហគមន៍ចំបក់ សម្បូរដោយដើមឫស្សីព្រៃ ដូច្នេះ ប្រជាសហគមន៍បានចងក្រមជាក្រុម ក្រោមកិច្ចសហការជាមួយក្រុមហ៊ុនឯកជន ជួយលើកផ្នែកបច្ចេកទេស ដើម្បីកែច្នៃជាគ្រឿងសង្ហាឹម និងបំណែកសេសសល់ត្រូវផលិតជាធ្យូង ដែលមានគុណភាពល្អដូចដើមឈើជាដើម។
«ការបង្កើតការងារជូនប្រជាសហគមន៍ កាត់បន្ថយការដាក់សម្ពាធទៅលើព្រៃឈើ ហើយទន្ទឹមនេះដែលគ្រប់សហគមន៍ដែលយើងគាំទ្រមានថ្នាល់បណ្តុះកូនឈើដើម្បីដាំស្តារ និងការពារព្រៃឈឡើងវិញ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ឃិន ម៉េងឃាង៕
សូមស្តាប់លើកឡើងរបស់ ឃិន ម៉េងឃាង ដូចខាងក្រោម៖