(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានឲ្យដឹងអាជ្ញាធរខេត្តកំពុងរៀបចំស្នើសុំរាជរដ្ឋាភិបាលផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋ ៧៨គ្រួសារ ដែលកំពុងរស់នៅភូមិច្រប់ (ចំណុចអូរលាងគ្រោះ) ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ក្នុងឱកាសចុះសាកសួរសុខទុក្ខ សំណេះសំណាលប្រជាពលរដ្ឋទាំង ៧៨គ្រួសារនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ លោក ម៉ុម សារឿន បានឲ្យដឹងថា អាជ្ញាធរខេត្តកំពុងរៀបចំស្នើសុំប្រទានកម្មផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងមានជីវភាពក្រីក្រ ខ្វះដីស្រែបង្ករបង្កើនផល។
បើទោះបីជាយ៉ាងណា លោកអភិបាលខេត្ត បានស្នើទៅប្រជាពលរដ្ឋទាំង៧៨គ្រួសារ និងប្រជាពលរដ្ឋចំណូលស្រុកមកពីខេត្តក្រចេះ និងខេត្តកំពង់ចាម ឲ្យបញ្ឈប់សកម្មភាពកាប់ទន្រ្ទានរានដីរដ្ឋ នៅចំណុចអូរលាងគ្រោះ ភូមិច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ព្រោះវាផ្ទុយនឹងច្បាប់។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងនាំយកអំណោយជាថវិកាចំនួន ២០,០០០រៀលក្នុងមួយគ្រួសារ តាមរយៈលោកអភិបាលខេត្ត ជូនដល់ប្រជាពលរដ្ឋទាំង ៧៨គ្រួសារផងដែរ។
ប្រជាពលរដ្ឋទាំង៧៨គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខពួកគាត់គ្រប់ពេលវេលា៕