(ពោធិ៍សាត់)៖ ក្រុមការងារមជ្ឈមណ្ឌលផ្សះផ្សាវាលវែង នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំយុវជនមកពីស្រុកភ្នំក្រវាញចំនួន២៣នាក់ ក្នុងចំណោមនោះមានស្រី១៥នាក់ ទៅទស្សនាទីតាំងប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ឆ្ពោះទៅកាន់ចំណុចព្រំដែនកម្ពុជា-ថៃ។
ដំណើរទស្សនកិច្ចសិក្សានេះក៏ជាការឆ្លើយតបទៅនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសាលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម (X16) កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមឲ្យគ្រប់បណ្ដាខេត្តបន្តជំរុញការរៀបចំសួនតេជោ សន្តិភាព ដែលបានកំណត់ដាក់ចេញតាមបណ្ដាខេត្តនីមួយៗ និងទីពីរចូលរួមនៅក្នុងការជំរុញការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធាតេជោ នៅតាមទីតាំងដែលបានសិក្សានិងកំណត់ដោយក្រុមស្រាវជ្រាវប្រវត្តិសាស្ត្រយោធា»។
យោងតាមអនុក្រឹត្យលេខ១៥៥ អនក្រ.បក ស្តីពីការកំណត់ទីតាំងប្រវត្តិសាស្រ្តយោធារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ គឺមានតំបន់ប្រវត្តិសាស្រ្តយោធាសរុបចំនួន៨៧កន្លែង។
* ប្រវត្តិតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) វាលវែង៖
តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) ស្រុកវាលវែង ស្ថិតនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) វាលវែង មានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីចំណុចរង្វង់មូលប្រមោយ និងប្រមាណ២០គីឡូម៉ែត្រពីរង្វង់មូលឃុំថ្មដា តាមផ្លូវជាតិលេខ៥៥។ តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ (A4) វាលវែង ស្ថិតនៅចន្លោះកណ្តាលដោយមានភ្នំជាច្រើនបាំងព័ទ្ធជុំវិញ ដូចជា ភ្នំ១៥០០ ភ្នំមាន់ និងភ្នំផ្សេងៗទៀត។បើយោងតាមលោកឧត្តមសេនីយ៍ទោ គឹម សេងងន អតីតមេបញ្ជាការមួយរូបនៃកងពលធំលេខ៤ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រចាំនៅសមរភូមិផ្លូវជាតិលេខ៥៦ បានឲ្យដឹងថា ក្នុងឆ្នាំ១៩៨៣ ឬឆ្នាំ១៩៨៤ កងទ័ពវៀតណាម និងកងពលលេខ៤នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាបានចាប់ផ្តើមធ្វើប្រតិបត្តិការសឹកឆ្ពោះមកកាន់តំបន់ព្រំដែនថ្មដា។ នៅពេលនោះកងទ័ពនៃកងពលលេខ៤ និងកងទ័ពវៀតណាមបានមើលផែនទីរកចំណុចឈរជើង និងបានស្វែងរកឃើញតំបន់A3 និងA4 ដើម្បីធ្វើជាទីបញ្ជាការស្រាល។ នៅអំឡុងពេលនោះ កងទ័ពមិនបានស្គាល់ឈ្មោះតំបន់នេះ ហើយកងទ័ពបានហៅឈ្មោះតាមចំណុចផែនទីថា តំបន់A4 រហូតមកដល់សព្វថ្ងៃ។ ចំណែកកងទ័ពខ្មែរក្រហមបានហៅតំបន់A4នេះថា ចំណុចស្ពានដែក ឬ ថ្មដាធំ។ កាលពីមុនរដ្ឋប្រហារឆ្នាំ១៩៧០ តំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំ គឺជាតំបន់ព្រៃភ្នំស្ថិតក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងជាកន្លែងដែលជនជាតិដើមភាគតិចព័រឆ្លងកាត់យកផ្លែក្រវាញ ដង្កោ ឆ្អឹងសត្វកម្រ និងខ្លឹមច័ន្ទគ្រឹះស្នាទៅលក់នៅផ្សារក្នុងស្រុកសុផាន់ហ៊ីមនៃប្រទេសថៃដែលជាប់នឹងព្រំដែនកម្ពុជា-ថៃ ដើម្បីដោះដូរយកគ្រឿងទេស និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃត្រឡប់មកផ្ទះវិញ។ នៅចន្លោះឆ្នាំពីឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥) និងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) តំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំ ស្ថិតនៅក្នុងស្រុកពាមព្រូស តំបន់៦ ភូមិភាគពាយ័ព្យ។ នៅក្នុងរយៈពេលនោះខ្មែរក្រហមបានបញ្ជូនកងទ័ពមួយកងវរសេនាធំចំណុះកងពលទី២ នៃភូមិភាគពាយ័ព្យមកប្រតិបត្តិការ និងធ្វើសកម្មភាពប្រចាំនៅក្នុងស្រុកពាមព្រូស និងតំបន់ព្រំដែនកម្ពុជា-ថៃ ជាប់នឹងស្រុកសុផាន់ហ៊ីមរបស់ប្រទេសថៃ។ ខ្មែរក្រហមបានសង់បន្ទាយកងទ័ពនៅតំបន់ផ្ទះ២០ (បច្ចុប្បន្នឃុំអន្លង់រាប) តំបន់ផ្ទះ៥ (បច្ចុប្បន្ន ភូមិដីក្រហម ឃុំអន្លង់រាប) ស្ថិតនៅជាប់ភ្នំ១៥០០ ឬភ្នំស្វារអិល តំបន់ផ្ទះ៧ ស្ថិតនៅត្រើយខាងកើតស្ពានជ័យជម្នះ(ស្ពានមេទឹក)ក្នុងឃុំថ្មដាជាដើម។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំនៅឆ្នាំ១៩៧៩ តំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំ គឺជាមន្ទីរពេទ្យ និងភូមិរបស់ក្រុមគ្រួសារកងពល១៨, កងពល១៩, កងពល៣០៥ និងកងពល៤០៥ របស់ខ្មែរក្រហមប្រចាំសមរភូមិមុខ ពាយ័ព្យ-ភ្នំពេញ និងសមរភូមិមុខ និរតី-ភ្នំពេញ រួមមាន ៖ ខេត្តពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត, តាកែវ និងមួយផ្នែកនៃខេត្តកណ្តាល និងទីក្រុងភ្នំពេញ។ ប្រធានកងពលលេខ១៨ មានឈ្មោះ កែវ ពង្ស, ប្រធានកងពលលេខ១៩ មានឈ្មោះ តាស៊ីម ប្រធានកងពលលេខ៣០៥ មានឈ្មោះ ខឹម រ៉ន និងប្រធានកងពលលេខ៤០៥ មានឈ្មោះ សំ ប៊ិត។ ចន្លោះពីឆ្នាំ១៩៨៤ រហូតដល់ឆ្នាំ១៩៨៩ តំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំ គឺជាទីបញ្ជាការស្រាលរបស់កងពលលេខ៤នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ហើយក៏ជាកន្លែងរក្សាទុកសម្ភារសឹក និងភ័ស្តុភាររបស់កងទ័ពទាំងពីរអង្គភាពខាងលើដែរ។ នៅតាមភ្នំក្បែរៗភូមិសាស្ត្រតំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំនេះ គឺជាកន្លែងសម្រាប់ដាក់តាំងកាំភ្លើងធំ១៣០ និងដាក់កាំភ្លើងយន្តដេសេកា ដើម្បីការពារដែនអាកាសនៃកងទ័ពរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម។ តំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំនេះ ក៏ជាចំណតសម្រាប់ចុះចតឧទ្ធម្ភាគចក្ររបស់ថ្នាក់ដឹកនាំនៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានធ្វើដំណើរមកសួរសុខទុក្ខកងទ័ព និងទទួលយកកងទ័ពដែលមានជំងឺ និងរបួសទៅព្យាបាលនៅទីក្រុងភ្នំពេញ ពីព្រោះនៅទីបញ្ជាការធំនៅតំបន់ផ្ទះ៧ (ស្ទឹងមេទឹក) មានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីតំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំ គឺមានភូមិសាស្ត្រក្បែរព្រំដែនកម្ពុជា-ថៃនោះមិនអាចឲ្យឧទ្ធម្ភាគចក្រចុះចតបានទេ។ បើតាមឧត្តមសេនីយ៍ទោ គឹម សេងងន នៅអំឡុងឆ្នាំ១៩៨៦, ១៩៨៧ និង ១៩៨៨ មានថ្នាក់នាំក្រសួងការពារជាតិចុះមកសួរសុខទុក្ខកងទ័ពនៅតំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំនេះ រួមមាន៖ សមមិត្ត ចាយ សាំងយុន, សមមិត្ត កុយ ប៊ុនថា, សមមិត្ត ជៀង អំ ជាដើម។ សព្វថ្ងៃភូមិសាស្ត្រតំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំ នៅសេសសល់ផ្លូវចាស់ (អតីតផ្លូវជាតិលេខ៥៦) ចម្ងាយប្រហែល៥០០ម៉ែត្រ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានសាងសង់ផ្លូវជាតិលេខ៥៥ថ្មី វាងតំបន់A4 ឬ ចំណុចស្ពានដែក ឬ ថ្មដាធំនេះ (បច្ចុប្បន្នតំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំមាន់ A4 វាលវែង)។
បន្ទាប់ពីទស្សនាតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំមាន់ (A4) រួចមក ក្រុមយុវជនបង្ហាញចំណាប់អារម្មណ៍ដូចខាងក្រោម៖
១. នាងខ្ញុំឈ្មោះ ភា ថាវរី អាយុ១៨ឆ្នាំ រស់នៅភូមិតាដែស ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នាងខ្ញុំពិតជាមានសេចក្តីសោមនស្សចំពោះដំណើរទស្សនកិច្ចសិក្សាតំបន់ប្រវត្តិសាស្រ្តយោធានៅស្រុកវាលវែង និងបានសិក្សាពីរបបខ្មែរក្រហមដែលបានជម្លៀសប្រជាជនកម្ពុជាពីទីក្រុងភ្នំពេញទៅតាមបណ្តាខេត្តនានា និងបានធ្វើទារុណកម្មយ៉ាងឃោរឃៅព្រៃផ្សៃចំពោះកុមារនិងប្រជាជនកម្ពុជា។ ជាពិសេសនៅភ្នំ១៥០០ ដែលជាទីតាំងប្រវត្តិសាស្រ្តយោធាតេជោ ភ្នំមាន់(A4) គឺជាតំបន់មានរាងបាតខ្ទះដែលធ្វើឲ្យក្រុមខ្មែរក្រហមងាយស្រួលក្នុងការលាក់ខ្លួនពីកងទ័ពវៀតណាម។ នាងខ្ញុំពិតជារំភើបរីករាយណាស់បានសិក្សានិងបានស្គាល់ទីតាំងប្រវត្តិសាស្រ្តយោធាដែលខ្ញុំមិនដែលបានស្គាល់ពីមុនមក។
២. នាងខ្ញុំឈ្មោះ ហង្ស ស្រីនីន គឺជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ។ នាងខ្ញុំបានយល់ដឹងកាន់តែច្រើនឡើងៗអំពីតំបន់ប្រវត្តិសាស្រ្តយោធាតេជោ ភ្នំមាន់(A4) វាលវែង ខេត្តពោធិ៍សាត់ និងតំបន់ដែលខ្មែរក្រហមបោះទីតាំងសម្រាប់ធ្វើសមរភូមិប្រយុទ្ធ ដែលមានជួរភ្នំព័ទ្ធជុំវិញដែលធ្វើឲ្យកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជាពិបាកវាយចូលមក។ លើសពីនេះខ្មែរក្រហមធ្លាប់ បាញ់កាំភ្លើងធំទៅកាន់យន្តហោះថៃនិងយន្តហោះរបស់សត្រូវផ្សេងទៀត។
៣. នាងខ្ញុំឈ្មោះ ទិត្យ ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នាងខ្ញុំពិតជារំភើបនៅពេលបានស្គាល់ និងបានដឹងអំពីប្រវត្តិសាស្រ្តយោធាតេជោ ភ្នំមាន់ (A4) វាលវែង។ ទីតាំងនេះ គឺជាទីតាំងប្រវត្តិសាស្រ្តដ៏ជូរចត់នៃការវាយប្រយុទ្ធគ្នា។ នៅពេលខ្ញុំស្តាប់រឿងរ៉ាវដែលបានកើតឡើងក្នុងតំបន់នេះ ធ្វើឲ្យខ្ញុំកាន់តែចង់ដឹងពីប្រវត្តិសាស្រ្តប្រទេសកម្ពុជាថែមទៀត។
៤. នាងខ្ញុំឈ្មោះ ផុង រស្មី ភេទស្រី អាយុ១៩ឆ្នាំ មកពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលបានមកសិក្សាពីប្រវត្តិសាស្រ្តយោធាតេជោ ភ្នំមាន់ (A4) វាលវែង និងប្រវត្តិសាស្រ្តខ្មែរក្រហម។ តំបន់ប្រវត្តិសាស្រ្តយោធាតេជោតេជោភ្នំមាន់ (A4) គឺជាតំបន់សមរភូមិប្រយុទ្ធ និងជាកន្លែងដែលខ្មែរក្រហមបានមកលាក់ខ្លួននៅលើភ្នំ ដែលកងទ័ពវៀតណាមពិបាកក្នុងការឡើងមកប្រយុទ្ធ។ ជាចុងក្រោយ ដើម្បីដឹងរឿងរ៉ាវឲ្យកាន់តែច្បាស់ ខ្ញុំនឹងខិតខំសិក្សា និងស្រាវជ្រាវពីប្រវត្តិសាស្រ្តខ្មែរក្រហមបន្ថែមទៀត៕