(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សមាគមទូកមាសកង្រី​ បានរៀបចំ​យុទ្ធនាការដាំកូនឈើ១ម៉ឺនដើម ដោយមានការឧបត្ថម្ភពីមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន និង​សហការ​ឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួនទៀត ក្នុងគោលបំណងបំផុសស្មារតីរួមគ្នាថែរក្សា ការពារនិងអភិរក្សធនធានធម្មជាតិ រួមមានព្រៃឈើនិងសត្វព្រៃ និងការសង្គ្រោះភពផែនដី ជាពិសេសការស្ដារឡើងវិញចំនួនព្រៃឈើ។

យុទ្ធនាការនេះ មានការចូលរួមពីអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ប្រធានមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន លោកស្រី ហេង សុខា តំណាងមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ឆេង ផល្លា អភិបាលរងស្រុកកំពង់លែង លោក គឹម យឿម ប្រធានសមាគមទូកមាសកង្រី ក្រុមMiss Planet Cambodia តំណាងក្រុម​ហ៊ុន​បានសហការឧបត្ថម្ភ រួមមានក្រុមហ៊ុន ដូនពេញ ខេមបូឌា គ្រុប ក្រុមហ៊ុន អាយអិនជី ហូលឌីង ក្រុមហ៊ុន ដូនពេញ ត្រេឌីង ធនាគារឯកទេស ដូនពេញ ក្រុមហ៊ុនធានារ៉ាប់រង ភីភល&ផាតនើ ក្រុមហ៊ុន ដូនពេញ ព្រីខាស ផ្លេន និងក្រុមហ៊ុន អ៉ី&អេ ខនសាល់ធេន ព្រមទាំងអាជ្ញាធរ បងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកកំពង់លែង សរុបប្រមាណ ៤០០នាក់ ប្រកបដោយភាពរីករាយបំផុត។

លោក អ៉ឹង ស៊ីវខូវ តំណាងមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន បានបញ្ជាក់ថា មូលនិធិបានសហការ​ជាមួយសមាគមទូកមាសកង្រី រៀបចំយុទ្ធនាការដាំកូនឈើចំនួន៣លើកមកហើយ សរុបកូនឈើប្រមាណ ២ម៉ឺនដើម ក្នុងនោះកាលឆ្នាំ២០២២ ចំនួន ៤ពាន់ដើម, ២០២៣ ចំនួនជាង៥ពាន់ដើម ហើយឆ្នាំនេះ២០២៤ ដាំចំនួន១ម៉ឺនដើមបន្ថែមទៀតរួមមាន គ្រញូងចំនួន២៥០០ដើម ឈើទាលចំនួន២៥០០ដើម ផ្តៀកចំនួន២៥០០ដើម ឈើបេង និងប្រភេទឈើចម្រុះចំនួន២៥០០ដើម ដោយកូនឈើទាំងអស់ត្រូវបានដាំនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី-ភ្នំទូកមាស ក្នុងភូមិសាស្រ្តស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលនេះជាការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ក្នុងការអភិរក្សធនធានធម្មជាតិ និងធ្វើឱ្យស្រុកកំពង់លែងប្រែក្លាយមុខមាត់ជាតំបន់ដែលមានធម្មជាតិបៃតងស្រស់បំព្រង និងជាតំបន់ទេសចរណ៍បែបចម្រុះ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់មូលនិធិនិងសមាគម ក្នុងការបន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព សហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី សំដៅធ្វើយ៉ាងណាចូលរួមថែរក្សា ការពារតំបន់អភិរក្សធនធានធម្មជាតិនេះបានគង់វង្សយូរអង្វែង។ មូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ក៏បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅនូវកិច្ចសហការជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដែលមានចក្ខុវិស័យ និងគោលដៅប្រហាក់ប្រហែលគ្នា ក្នុងបុព្វហេតុសង្គមកម្ពុជាជារួម ពិសេសក្នុងទឹកដីនៃស្រុកកំពង់លែងនេះ។

លោកបានបន្តថា ពិធីដាំកូនឈើថ្ងៃនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមចំណែកសម្រេចបាននូវផែនការការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការស្តារធនធានធម្មជាតិ ការគ្រប់គ្រងបរិស្ថាន ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងការចូលរួមលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាជន។

លោក ឆេង ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកកំពង់លែង បានថ្លែងកោតសរសើរដល់សមាគមទូកមាសកង្រី និងមូលនិធិ អ៉ឹង ហ្វោនដេហ្ស៊ិន ដែលបានបង្កើតយុទ្ធនាការដាំកូនឈើជាបន្តបន្ទាប់ ហើយនេះជាសកម្មភាពដ៏ប្រពៃ ក្នុងការបំផុសចលនាដាំដើមឈើឡើងវិញ និងបណ្ដុះគំនិតឱ្យប្រជាពលរដ្ឋស្រលាញ់ ថែរក្សា ការពារ ព្រៃឈើនិងបរិស្ថានធម្មជាតិក្នុងស្រុកកំពង់លែងក៏ដូចជាទូទាំងប្រទេសផងដែរ។ ក្នុងនាមជាអាជ្ញាធរ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប បញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពកាប់បំផ្លាញទន្រ្ទានព្រៃឈើ ការធ្វើជំនួញដីព្រៃសហគមន៍ខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិនានា៕