(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាសសាលក្រម ផ្តន្ទទោសលើជនជាប់ចោទចំនួន៥នាក់ (ស្រីម្នាក់) ដែលមានមេក្លោងឈ្មោះ លីវ ស៊ឺ ពីបទជួញដូរគ្រឿងញៀនជិត៥៥គីឡូក្រាម ឱ្យជាប់ពន្ធនាគារ ពិន័យជាប្រាក់មួយចំនួន និងរឹបអូសទ្រព្យសម្បត្តិទុកជាសម្បត្តិរដ្ឋ។
តុលាការបានសម្រេចបញ្ជាឱ្យបុរស៤នាក់ ជាប់ពន្ធនាគារអស់១ជីវិត និងរឹបអូសលុយកាក់មាសប្រាក់ ទ្រព្យសម្បត្តិ រួមទាំងអចលនទ្រព្យ ដាក់ចូលជាសម្បត្តិរដ្ឋ។ ចំណែកស្រ្តីម្នាក់ទៀត ដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៦០លានរៀល។ ជនជាប់ចោទទាំងនោះ មិនសុខចិត្តជាមួយសាលក្រមនេះឡើយ ដោយតុលាការបានបើកសិទ្ធិឲ្យពួកគេប្តឹងទាស់ ទៅសាលាឧទ្ធរណ៍តាមកំណត់ច្បាប់។ សាលក្រមដដែល ក៏បានប្រកាសចេញដីការឲ្យសមត្តកិច្ចតាមចាប់ខ្លួនឈ្មោះ ដាំ យ៉ា ដែលកំពុងរត់គេចខ្លួន ឲ្យមកទទួលទោសអស់មួយជីវិតដូចបក្សពួក និងមេក្លោង៤នាក់នេះដែរ។
សូមបញ្ជាក់ថា សំណុំរឿងគ្រឿងញៀនជិត៥៥គីឡូក្រាមមានតម្លៃជាង៣លានដុល្លារនេះ កាលពីពាក់កណ្ដាលឆ្នាំ២០១៥ កន្លងទៅ សមត្តកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បើកកិច្ចបង្រ្កាបនៅរាជធានីភ្នំពេញ និងរហូតដល់ខេត្តស្ទឹងត្រែងជាប់ព្រំប្រទល់ប្រទេសឡាវ ឈានទៅដល់ការចាប់ខ្លួនជនល្មើសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរម្នាក់ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ លើកយកមកបើកសវនាការជាច្រើនលើកច្រើនសារ ក្រោយពីឃុំខ្លួនបណ្តោះអាសន្នមួយរយៈ។
ទីបំផុតប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានី លោក ពេជ្រ វិជ្ជាធរ បានសម្រេចលើកពេលប្រកាសសាលក្រមនៅថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៦នេះ។
ជនជាប់ចោទទី១.មានឈ្មោះ ឈ្មោះ លីវ ស៊ឺ អាយុ៤២ឆ្នាំ (ជាមេក្លោង), ទី២.ឈ្មោះ លី យ៉ុន អាយុ៥៣ឆ្នាំ, ទី៣.ឈ្មោះ តឹង យ៉ាន់ភីង អាយុ៤៣ឆ្នាំ ទី៤.ឈ្មោះ ដាំ យ៉ា (ម្នាក់នេះបានគេចខ្លួនបាត់) ទាំង៤នាក់នេះ ជាជនជាតិចិន និងទី៥.ឈ្មោះ ផល រ៉ានី ភេទស្រី ជនជាតិខ្មែរ អាយុ២២ឆ្នាំ។
ក្រោយពីកិច្ចប្រតិបត្តិការចុះបង្រ្កាប ឃាត់ខ្លួន និងដកហូតគ្រឿងញៀន និងវត្ថុតាងពីកន្លែងផ្សេងគ្នាបានចប់សព្វគ្រប់ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំធ្វើសន្និសិទសារព័ត៌មាន បង្ហាញពីស្នាដៃដ៏ធំធេងដែលសមត្តកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបង្រ្កាបបានផងដែរ៕