(រតនគិរី)៖ ពិធីបុណ្យរុក្ខទិវានេះត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ប្រារព្ធធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំងក្នុងបរិវេណវត្តសិលាគិរីរុក្ខារាម ហៅវត្តភ្នំបេង សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ក្រោមអធិបតីភាពលោក ងួន គឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងិន ណែល អភិបាលរងខេត្តតំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី បានបញ្ជាក់ថា បុណ្យរុក្ខទិវានាឆ្នាំនេះ ត្រូវបានធ្វើឡើងយ៉ាងមហោឡាឫក ប្រកបដោយអត្ថន័យឧត្តុង្គឧត្តម ដើម្បីលើកកម្ពស់និងបំផុសចលនាមហាជនចេះស្រលាញ់ដើមឈើ និងការពារទប់ស្កាត់ការកាប់បំផ្លាញដើមឈើឱ្យបានកាន់តែល្អប្រសើរឡើងវិញ។
លោកបន្តថា សម្រាប់ឆ្នាំនេះរដ្ឋបាលខេត្តរតនគិរី បានកំណត់យកថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២៤ ប្រារព្ធពិធីរុក្ខទិវា នៅទីតាំងក្នុងបរិវេណវត្តភ្នំបេង សង្កាត់កាចាញ ក្រុងបានលុងដោយធ្វើកាដាំកូនឈើចម្រុះច្រើនប្រភេទ ចំនួន២៨១ដើម និងបានចែកកូនឈើដល់ប្រជាពលរដ្ឋដាំមុនចំនួន៧,១៨៩ ដើមរួមមាន៖
*ស្រុកកូនមុំ ១,៦៥០ដើម
*ស្រុកតាវែង ១៦៦ដើម
*ស្រុកបរកែវ ១៤៥ដើម
*ក្រុងបានលុង ៣,៣៤៨ដើម
*ស្រុកលំផាត់ ៥៥៧ដើម
*ស្រុកវើនសៃ ១៦០ដើម
*ស្រុកអណ្តូងមាស ១៤០ដើម
*ស្រុកអូរជុំ ៣៧៣ដើម
*ស្រុកអូរយ៉ាដាវ៦៥០ដើម។ កូនឈើដែលបានចែកជូនក្រុង ស្រុកខាងលើជាប្រភេទ កូនឈើក្រញូង នាងនួន បេង ធ្នង់ អង្កាញ់ គគីរ កកោះ ឈើទាល ក្ងោក។
នាឱកាសនោះលោក ងិន ណែល បានថ្លែងថា ពិធីបុណ្យរុក្ខទិវាត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ដែលជាធម្មតាត្រូវបានសម្គាល់ដោយពិធីដាំដើមឈើដែលដឹកនាំដោយព្រះមហាក្សត្រ ឬតំណាងព្រះរាជវង្ស។ ការប្រារព្ធពិធីនេះ គឺជាប្រពៃណីដ៏យូរអង្វែងមួយក្នុងការលើកកម្ពស់ការដាំដើមឈើ និងការយល់ដឹងអំពីការអភិរក្សព្រៃឈើ។
លោកអភិបាលរងខេត្ត បានអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូន
ឈើឲ្យបានជាអតិបរមា ព្រោះដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្មមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់កិច្ចសហការក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ។
នៅតាមវត្តអារាម សាលារៀន សួនច្បារមានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តផងដែរ៕