(ពោធិ៍សាត់)៖ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី១អគាររដ្ឋបាលខេត្ត បានអនុញ្ញាតដល់ក្រុមចម្រុះអធិការកិច្ចបរទេស ដែលដឹកនាំដោយ ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងបង្ហាញមុខ ក្នុងកិច្ចការងារចាប់ផ្តើមអធិការកិច្ចហត្ថពលកម្មបរទេស ក្នុងខេត្តពោធិ៍សាត់។
ក្នុងជំនួបនោះ ឧត្តមសេនីយ៍ឯក សុខ លីហួត អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានជម្រាបជូនរដ្ឋបាលខេត្ត និងបានស្នើសុំអនុវត្តតួនាទី ជានគរបាលយុត្តិធម៌ ធ្វើការបង្រ្កាបរាល់បទល្មើស ដែលបង្កឡើងដោយជនបរទេស ដើម្បីការពារប្រយោជន៍អ្នកវិនិយោគត្រឹមត្រូវ និងសំអាតចោលអ្នកវិនិយោគិនទុច្ចរិត រួមទាំងស្នើសុំសហការ ពិនិត្យមើលបទល្មើសនានា និងបទល្មើសពេលរាត្រី (ក្លិបកម្សាន្ត)។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ហៀម ឃួន បានជម្រាបជូនថា ដំណាក់កាលនេះ សូមឱ្យមន្ទីរការងារ ធ្វើការងារស្នូល ជួយណាត់កំណត់ពេល ជាមួយតំណាងនាយកក្រុមហ៊ុននានា ដែលមាននៅក្នុងខេត្ត ដើម្បីឱ្យក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេស មានឱកាសធ្វើការងារបានល្អប្រសើរ។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏សូមឱ្យកិច្ចកាងារចុះអធិការហត្ថពលកម្ម របស់ក្រុមចម្រុះ គួរអនុវត្តច្បាប់ប្រកបដោយភាពទន់ភ្លន់ តែម៉ឺងម៉ាត់ និងសុំឱ្យអនុវត្តកុំឱ្យលើសពីការងារអធិការកិច្ច។ លោកក៏សូមឱ្យក្រុមការងារចម្រុះ មានកិច្ចសហការល្អ ជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានបញ្ហាប្រឈមណាមួយកើតឡើង សូមរាយការណ៍មកអាជ្ញាធរខេត្ត ដើម្បីអន្តរាគមន៍បន្ថែម ធ្វើយ៉ាងណាឱ្យកិច្ចការងារនេះ ទទួលបានជោគជ័យ៕