(ភ្នំពេញ)៖ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាងថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កំពុងពិចារណានៅក្នុងការចូលសភា នៅពេលខាងមុខនេះ ហើយគ្រោងនឹងកោះហៅរដ្ឋមន្រ្តីក្រសួងចំនួន៤ ដើម្បីសួរដេញដោលជុំវិញបញ្ហាអនុវត្តការងារកន្លងមក។
លោក សុន ឆ័យ បានអះអាងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោក បានចូលសួរសុខទុក្ខដល់សកម្មជន និងសមាជិកគណបក្សសង្រ្គោះជាតិ នៅពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក សុន ឆ័យ បានបញ្ជាក់បន្ថែមថា ក្រសួង៤ ដែលគណបក្សប្រឆាំង កំពុងរៀបចំសំណួរដើម្បីសួរដេញដោលនោះ រួមមានក្រសួងយុត្តិធម៌ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ដែលលោកចាត់ទុកថា ក្រសួងទាំងនេះបានអនុវត្ត ការងារដោយមិនប្រក្រតី។
សូមបញ្ជាក់ថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានធ្វើពហិការមិនចូលប្រជុំសភា ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ បន្ទាប់ពីតុលាការ មានចំណាត់ការលើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ជុំវិញករណីមិនចូលខ្លួន ធ្វើជាសាក្សីនៅក្នុងរឿងសញ្ចារកម្មកន្លងមក៕