(ភ្នំពេញ)៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន៧ ដែលមានកម្មករជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីសង់ត្រាល់ លោកឃុន ថារ៉ូ និងគូកន បន្ថែមទៀតពីបទញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ តាមក្រមព្រហ្មទណ្ឌ មាត្រា៤៩៤, ៤៩៦ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពរបស់លោកបានប្ដឹង ឈ្មោះ ឃុន ថារ៉ូ ម្តងហើយ ពីបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណះដោយទាមទារសំណង១រយលានរៀល។ ចំណែកការប្តឹងលើកទី២ គឺនៅថ្ងៃទី៨ ខែក្កដា ដោយលោករក្សាខ្លឹមសារ នៃពាក្យបណ្ដឹងដដែល ប៉ុន្តែប្តឹងថែមទាំងគូកន ឃុន ថារ៉ូផង ទាមទារសំណងការខូចខាត និងជំងឺចិត្តដល់ស្ថាប័នសហជីព ១ពាន់លានរៀល។
លោកប្រាប់ថា ការប្តឹងនេះដោយសារតែ លោក ឃុន ថារ៉ូ និងគូកន ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ដោយផ្អែកតែលើការសម្ភាសន៍សហជីពចំនួន១០ ក្នុងចំណោម១៤ ដែលបានចុះបញ្ជីជាមួយ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ «BFC» បាននិយាយពីភាពអវិជ្ជមានថា សេរីភាពសហជីពនៅកម្ពុជាត្រូវបានបំផ្លាញទាំងស្រុង។ ប៉ុន្តែក្រោយមានប្រតិកម្មពីសហជីពជាច្រើន លោក ឃុន ថារ៉ូ បែរជាបកស្រាយថា របាយការណ៍នោះគ្រាន់តែជារបាយការណ៍ស្រមោល មិនគ្របដណ្តប់ស្ថានភាពទាំងស្រុងនៅកម្ពុជាទៅវិញ។
លោកប្រធាន សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បញ្ជាក់ថា សហជីពនៅកម្ពុជាមានរហូតដល់ ៦ ២៧២សហជីព ប៉ុន្តែ ខ្លឹមសារញុះញង់ នៃរបាយការណ៍គឺបានបែងចែកពណ៌សម្បុរ សហជីពទាំងអស់នេះជា២គឺ ទី១សហជីពឯករាជ្យ ដែលមានតែសហជីព១០ ក្នុងចំណោមសហជីពទាំង១៤ ដែលបានផ្តល់សម្ភាសន៍ និងព័ត៌មានសម្រាប់ជាមូលដ្ឋានផលិតរបាយការណ៍។ ទី២ ចោទទាំងបំពានថាមាន សហជីពពណ៌លឿង ជាសហជីពដទៃផ្សេងទៀត ក្រៅពីសហជីពឯករាជ្យខាងលើ និងជាសហជីព ដែលមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន។
លោកថ្លែងថា «ការបែងចែកពណ៌សម្បុរសហជីពនេះគឺជាចេតនា ទុច្ចរិតធ្វើឱ្យភាពសុខដុមនៃសហជីពនៅកម្ពុជាត្រូវបែកបាក់ ប្រកាន់បក្ខពួក និងធ្វើឱ្យមានការរើសអើងចំពោះសហជីព។អំពើនេះ គឺជាបទល្មើសញុះញង់ឱ្យមានការរើសអើង បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។»
លោកបញ្ជាក់បន្ថែមថា អំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណះនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសវិនិយោគនៅកម្ពុជាទាំងមូល ហើយកម្មករនិយោជិត ដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសត្រូវទទួលរងនូវផលប៉ះពាល់ និងការខូចខាតផលប្រយោជន៍យ៉ាងធំធេង ដែលការខូចខាតនឹង រីករាលដាលកាន់តែខ្លាំង ប្រសិនបើអំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍នេះ បន្តជះឥទ្ធិពល កាន់តែអាក្រក់ចំពោះរោងចក្រ សហគ្រាស៕