(ភ្នំពេញ)៖ លោក នឹម សុធា អនុរដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSIPWT) និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកនាយកវិទ្យាស្ថាន ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃវិទ្យាស្ថាន។
ថ្លែងសំណេះសំណាលក្នុងអង្គពិធី លោក នឹម សុធា បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងដើរតួយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវិស័យអប់រំកម្ពុជា-ចិន និងការបណ្តុះបណ្តាលភាសាចិន និងជំនាញបច្ចេកទេស ដល់និស្សិតរបស់វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានព្រមព្រៀង និងកំណត់ខ្លឹមសារនៃអនុស្សរណៈនេះឡើងក្នុងគោលបំណងធានានិរន្តភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការរៀបចំថ្នាក់បណ្តុះបណ្តាលភាសាចិនសម្រាប់មន្ត្រីរាជការ បុគ្គលិក និងនិស្សិតវិទ្យាស្ថាន និង មន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន៕