Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តម្លៃអង្ករសែនក្រអូបរបស់កសិករខ្មែរ ដាក់លក់ក្នុងតម្លៃស្តង់ដារតែមួយនៅទូទាំងប្រទេស ខ្ទង់៥៤០ដុល្លារក្នុង១តោន

20-09-2016 17:59

(ភ្នំពេញ)៖ បន្ទាប់ពីមានការសិក្សា និងពិភាក្សាគ្នាយ៉ាងលម្អិតរួចមកនោះ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញ បានគណនានូវតម្លៃ នៃការលក់ចេញអង្ករសែនក្រអូប ក្នុងតម្លៃខ្ទង់ ៥៤០ដុល្លារក្នុងមួយតោន (ដោយមិនទាន់គិតថ្លៃដឹកជញ្ជូន) ដែលតម្លៃនេះ គឺតម្លៃស្តង់ដារទូទាំងប្រទេស។

សូមបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមជួយទិញអង្ករ របស់កសិករខ្មែរ ទោះ១បាវក្តី ២បាវក្តី ឬច្រើនជាងនេះក្តី ដើម្បីជួយគាំទ្រកសិផលខ្មែរ និងកសិករដែលកំពុងជួប ការលំបាកពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញានេះ បានថ្លែងអំណរគុណ និងអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមហ៊ុនឯកជន សូមបន្តចូលរួមទិញស្រូវ-អង្កររបស់កសិករ ឲ្យបានច្រើនថែមទៀត នៅទូទាំងប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងថ្ងៃនេះ បន្ទាប់ពីមានការអំពាវនាវ របស់ធនាគារអភិវឌ្ឍន៍ជនបទ​ គឺខ្ញុំសង្កេតឃើញថា មានមន្រ្តីរាជរដ្ឋាភិបាល​ ពាណិជ្ជករ​និងក្រុមហ៊ុនមួយចំនួន បានចាប់ផ្តើមជួយទទួលទិញស្រូវ ប្រជាពលរដ្ឋ។​ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ ក្នុងការជួយដល់កសិករយើង។ ឆ្លៀតក្នុងឱកាសនេះ​ ខ្ញុំសូមអរគុណ និងសូមអំពាវនាវ បន្ថែមទៅកាន់​មន្រ្តីរាជរដ្ឋាភិបាល​ និអាជ្ញាធរគ្រប់ជាន់ថ្នាក់​ ក្រុមហ៊ុនឯកជន​សូមបន្តចូលរួមនៅក្នុងចលនា ជួយទិញស្រូវប្រជាកសិករយើងឲ្យ បានកាន់តែច្រើនឡើងនៅទូទាំងប្រទេស»

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវខ្មែរ ក៏ដូចជាជួយដល់កសិករខ្មែរ​ សូមទំនាក់ទំនងមកកាន់ ទូរស័ព្ទលេខ៖ 017 888 001 - 078 777 669។ Fresh News នឹងចូលរួមផ្សព្វផ្សាយ បញ្ជីឈ្មោះបងប្អូនប្រជាពលរដ្ឋនៅលើ Fresh News។

លើសពីនោះទៀត បងប្អូនប្រជាពលរដ្ឋអាចបញ្ជាទិញអង្ករ និងអាចស្តុកទុក នៅធនាគារស្រូវរហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ។ សូមអរគុណចំពោះការចូលរួមរបស់បងប្អូនជួយលើកកំពស់តំលៃស្រូវខ្មែរ៕