(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឱ្យដឹងថា មានកត្តាជាច្រើនដែលបង្កឲ្យមានសត្វល្អិតបំផ្លាញដំណាំស្រូវ គឺមកពីការព្រោះស្រូវដែលក្រាស់ពេក ដែលធ្វើឲ្យពន្លឺព្រះអាទិត្យមិនអាចជ្រាបចូលដល់គល់ស្រូវ ដែលទាំងអស់នេះហើយជាកត្តាមួយសម្រាប់ជាជម្រកដ៏ត្រជាក់សម្រាប់សត្វល្អិតក្នុងការពួនសម្ងំស៊ីបំផ្លាញស្រូវរបស់កសិករ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អ៊ុក សំណាង បានបញ្ជាក់ទៀតថា ការប្រើប្រាស់ពូជស្រូវនៅក្នុងស្រុក គឺមានគុណភាពល្អ ជាងពូជស្រូវក្រៅស្រុក ព្រោះកសិករអាចព្រោះស្រូវក្នុងពេលតែមួយ ធ្វើដីជាប់គ្នា ម្ចាស់តែមួយមិនមានសត្វល្អិតស៊ីបំផ្លាញ ដូចជា រុយ ស និងដង្កូវមូលស្លឹកនោះទេ។

ជាមួយគ្នានេះ លោក ឌី សំអាង ដែលជាអនុប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតាគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងដែរថា កត្តាដែលបង្កឲ្យមានសត្វល្អិតស៊ីបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករ គឺមកពីប្រជាកសិករគាត់ ព្រោះស្រូវនៅលើដីស្រែរបស់គាត់មានសភាពក្រាស់ខ្លាំងពេក។

លោក ឌី សំអាង បានបន្ថែមទៀតថា ប្រជាកសិករធ្វើស្រែពេញមួយឆ្នាំតែម្ដងដោយមិនមានទុកចន្លោះខែណាមួយសម្រាប់ហាលដីឲ្យងាប់មេរោគ ដូចជា សត្វល្អិតនោះទេ ហើយក្នុងនោះដែរលោកក៏សំណូមពរឲ្យប្រជាពលរដ្ឋប្រជាកសិករធ្វើស្រែពីរដងបានហើយក្នុងមួយឆ្នាំ ឬក៏ផ្លាស់ប្ដូរ ពីការដាំដំណាំស្រូវ មកដាំ ដំណាំអ្វីផ្សេងពីស្រូវវិញខ្លះ ធ្វើយ៉ាងណាដើម្បីកុំឲ្យសត្វល្អិតនោះមានឱកាសក្នុងការស៊ី ដំណាំស្រូវរបស់កសិករបាន។

បន្ថែមលើសពីនេះ លោក ហ៉ី គឹមនាង ដែលជាម្ចាស់ស្រែក៏បានលើកឡើងផងដែរថា ពូជក្នុងស្រុក ហាក់បីដូចជាល្អជាងពូជស្រូវនាំចូលពីក្រៅស្រុក ព្រោះស្រូវពូជនាំពីក្រៅប្រទេសនោះគឺបញ្ហាមាន រុយ ស និងដង្កូវមូលស្លឹកស៊ី ចំណែកពូជក្នុងស្រុក( ផ្ការំដួល)មានរុយស និងដង្កូវមូរស្លឹកដែរ តែអត់ខូចទេ។ 

ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋក៏នៅតែសម្ដែងអារម្មណ៍ត្រេកអរចំពោះលោក សួន សុម៉ាលីន អភិបាលខេត្ត ដែលលោកបានយកចិត្តទុកដាក់ចុះ ពិនិត្យតាមដានផ្ទាល់ដល់វាលស្រែរបស់ប្រជាពលរដ្ឋ ដើម្បីស្វែងយល់នៃបញ្ហាប្រឈម និងមានវិធានកាណ៏ដោះស្រាយ ចំពោះ រុយ ស និងដង្កូវមូលស្លឹកផងដែរ៕