សម្ដេចតេជោ ហ៊ុន សែន៖ GDP របស់ពលរដ្ឋកម្ពុជា នឹងអាចកើនដល់ជាង១,៣០០ដុល្លារ ក្នុងឆ្នាំ២០១៦នេះ
20-09-2016 17:58
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចជាមធ្យម ជាង៧ភាគរយក្នុងមួយឆ្នាំ ហើយផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់ (GDP) អាចនឹងកើនឡើងដល់ ជាង១,៣០០ដុល្លារ នៅឆ្នាំ២០១៦នេះ។
ការបញ្ជាក់បែបនេះ ធ្វើឡើងតាមរយៈសារលិខិតចូលរួមក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ សម្រាប់ថ្ងៃទី២១ ខែកញ្ញា ស្អែកនេះក្នុងនោះ សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានឱ្យដឹងថា រយៈពេលជាង២ទស្សវត្សមកនេះ កម្ពុជាសម្រេចបានជោគជ័យ ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាលបានបន្តថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GDP) បានកើនឡើងពី ៧៦០ដុល្លារ ក្នុងមួយឆ្នាំ នៅឆ្នាំ២០០៨ រហូតដល់ ១,១៥៨ដុល្លារ នៅឆ្នាំ២០១៥ ហើយអាចបន្តកើនឡើងដល់ ជាង១,៣០០ដុល្លារ នៅឆ្នាំ២០១៦ ដែលធ្វើឱ្យកម្ពុជាបានប្រែខ្លួនពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា អត្រានៃភាពក្រីក្រត្រូវកាត់បន្ថយយ៉ាងឆាប់រហ័សពី ៥៣.២ភាគរយ ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣.៥ភាគរយ ក្នុងឆ្នាំ២០១៤។ ប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង និងរស់នៅក្នុងសង្គមមួយដែលការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះជាយ៉ាងណា រហូតដល់ពេលនេះ អង្គការអន្តរជាតិខាងការងារ (ILO) បានចេញរបាយការណ៍មួយថា អត្រាគ្មានការងារធ្វើក្នុងប្រទេសកម្ពុជា នៅសល់ត្រឹមតែ ០.៧ភាគរយ ប៉ុណ្ណោះ ពោលគឺអត្រាមានការងារធ្វើរបស់ប្រជាពលរដ្ឋកម្ពុជាមានដល់ទៅ៩៩.៣ភាគរយ នៅឆ្នាំ២០១៦នេះ៕