(សៀមរាប)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងពីការអភិវឌ្ឍនៅជនបទ ដើម្បីបម្រើសេចក្តីត្រូវការជូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។
លោក ប៊ុន ច័ន្ទវណ្ណៈ បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១១ ខែកកក្កដា ឆ្នាំ២០២៤ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យវាយតម្លប្រគល់-ទទួលបញ្ចប់ជាស្ថាពរ រយៈពេលធានាសុពលភាពលើការស្ថាបនាផ្លូវក្រាលកៅស៊ូពីស្រទាប់ស្តើង (DBST) ១ខ្សែ និងផ្លូវក្រាលដីល្បាយ ១ខ្សែ នៅខេត្តសៀមរាប។
ផ្លូវទាំង ២ខ្សែនេះរួមមាន៖ ការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម៉ែត្រ ស្ថិតនៅភូមិត្រាំកង់ ឃុំចន្លាស់ដៃ និងភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែទៀត មានប្រវែង ៧ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅភូមិថ្កូវ ឃុំសែនសុខ ភូមិគោកថ្ម ភូមិរើល ឃុំព្រៃគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប រួមជាមួយការស្ថាបនាលូ និងផ្លាកឈ្មោះផ្លូវផងដែរនេះ ដែលផ្លូវទាំងនេះបាននឹងកំពុងផ្តល់អត្ថប្រយោជន៍ជាសាធារណៈ ជាពិសេសជូនប្រជាពលរដ្ឋជាមូលដ្ឋានសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលជាដើម។
លោក ប៊ុន ច័ន្ទវណ្ណៈ បានបន្ថែមថា ក្រោមការដឹកនាំផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ សម្រេចបានសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ រក្សាបានកាន់តែរឹងមាំ ធ្វើឲ្យប្រជាជននៅគ្រប់ទីកន្លែងរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ៕