(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះសំណាលជាមួយមន្រ្តីនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដោយមានការចូលរួមពីរដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ។ ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីសារៈសំខាន់ និងអាទិភាពនៃសុខភាពផ្លូវចិត្ត សម្រាប់ប្រជាជនគ្រប់ស្រទាប់ និងបានជំរុញឱ្យមានការបញ្ជ្រាបការងារសុខភាពផ្លូវចិត្តឱ្យដល់សហគមន៍។
ទន្ទឹមនឹងនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានអនុសាសន៍ ចំនួន ១០ចំណុច ក្នុងនោះរួមមាន៖ ១) ត្រូវខិតខំកៀរគរធនធានមនុស្ស និងមធ្យោបាយថែមទៀតកុំឱ្យមានការបែកខ្ញែក ២) ខិតខំធ្វើការបណ្តុះបណ្តាលបន្ថែមទៀត ៣) ត្រូវគិតដល់ការថែទាំសុខភាពបឋម និងធ្វើយុទ្ធនាការឱ្យបានទូលំទូលាយដល់សហគមន៍ ៤) ត្រូវបញ្ជ្រាប និងដាក់បញ្ចូលទៅក្នុងកម្មវិធីសុខភាពផ្សេងៗទៀត ៥) ត្រូវខិតខំតាក់តែងគោលនយោបាយប្រកបដោយនវានុវត្តន៍ ៦) ត្រូវមានកិច្ចសហការជាមួយដៃគូឱ្យបានច្រើន រួមទាំងកិច្ចសហការក្នុងស្ថាប័នឱ្យមានវិសាលភាពកាន់តែទូលំទូលាយ ៧) ត្រូវស្រង់ និងចងក្រងព័ត៌មាន និងការស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ៨) ត្រូវគិតគូររៀបចំប្រព័ន្ធនៃការស្តារនីតិសម្បទា រួមទាំងការប្រើបច្ចេកវិជ្ជា ៩) ត្រូវធ្វើការវាយតម្លៃស្ថានភាពឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ១០) យកចិត្តទុកដាក់កិច្ចសហការជាមួយដៃគូពាក់ព័ន្ធ។
ក្នុងឱកាសនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្តឱ្យខិតខំបំពេញការងារបន្ថែមទៀត និងបានផ្តាំផ្ញើសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងនាយកដ្ឋានខាងលើនេះផងដែរ៕